ដោយៈសុខុម
សេអ៊ូល: បណ្ដាក្រុមហ៊ុនផលិតកប៉ាល់កូរ៉េខាងត្បូង ទទួលបានការបញ្ជាទិញច្រើនបំផុត មិនធ្លាប់មានក្នុងពេល៨ឆ្នាំមកនេះ ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី៦។
យោងតាមទិន្នន័យ ដែលប្រមូលដោយក្រសួងនេះបង្ហាញថា បណ្ដាក្រុមហ៊ុនផលិតកប៉ាល់ ក្នុងស្រុកទទួលបានការបញ្ជាទិញថ្មីៗ ដែលគិតជាទម្ងន់ សរុប១៧,៤៤លានតោនកាលពីឆ្នាំមុន ដោយកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២០ ដែលមានត្រឹម៨,២៣លានតោន។
នេះគឺជាចំនួនបញ្ជាទិញច្រើនបំផុត ចាប់តាំងពីឆ្នាំ២០១៣ ដែលពេលនោះ ការបញ្ជាទិញគិតជាទម្ងន់កប៉ាល់ សរុបមានរហូតដល់១៨,៤៥លានតោន ហើយនេះជាសញ្ញាវិជ្ជមានបង្ហាញថា ឧស្សាហកម្មផលិតកប៉ាល់ក្នុងស្រុក កំពុងងើបឡើងយ៉ាងរឹងមាំពីវិបត្តិកូវីដ-១៩។
ក្រុមហ៊ុនសាងសង់កប៉ាល់ទាំងនេះ រួមទាំងក្រុមហ៊ុន Hyundai Heavy Industries Group ផងបានគ្របដណ្ដប់រហូតដល់ទៅ៣៧,១%នៃការបញ្ជាទិញទូទាំងពិភពលោក ដែលគិតជាទម្ងន់កប៉ាល់សរុប៤៦,៩៦លានតោនកាលពីឆ្នាំមុន បើធៀបនឹង៣១,២%ក្នុងឆ្នាំ២០១៩ និង៣៤,១%ក្នុងឆ្នាំ២០២០។
ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១ ដោយគ្របដណ្ដប់រហូតដល់ទៅ៤៨,៨% នៃចំនួនផលិតកប៉ាល់សរុបទូទាំងពិភពលោក កាលពីឆ្នាំមុន។
ទោះជាយ៉ាងណា ប្រទេសកូរ៉េខាងត្បូង រក្សាបានចំណាត់ថ្នាក់លេខ១ បើនិយាយពីការបញ្ជាទិញកាប៉ាល់ ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាកប៉ាល់ដឹកឧស្ម័នធម្មជាតិរាវ (LNG) ជាដើមកាលពីឆ្នាំមុន ដែលគ្របដណ្ដប់រហូតដល់ទៅ៦៥%នៃការបញ្ជាទិញសរុប។
ទិន្នន័យដដែលបង្ហាញថា ប្រទេសកូរ៉េខាងត្បូង ក៏ទទួលបានចំនួនកិច្ចសន្យាច្រើនបំផុតសម្រាប់នាវា ដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ ដោយគ្របដណ្ដប់រហូតដល់ទៅ៦៤%នៃចំនួនសរុប៕ Korea Times៕