ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ផ្លូវជាតិលេខ៥១ជាតំបន់ដែលមានសក្តានុពលយ៉ាងខ្លាំង ក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី។ ទោះមានការថមថយបន្តិចបន្តួចនៅក្នុងឆ្នាំ២០២១ ប៉ុន្តែនៅដើមឆ្នាំ២០២២កន្លងទៅនេះ អាជីវកកម្មដីឡូតិ៍នៅតំបន់ផ្លូវ៥១ ត្រូវបានមើលឃើញថា នឹងមានសកម្មភាពកើនឡើងវិញ។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានបង្ហាញទស្សនស្រដៀងគ្នាថា អាជីវកម្មដីឡូត៏នៅតែមានសក្ដានុពលនិងតម្រូវការសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបនិងមធ្យម ពីព្រោះថាអ្នកដែលមានប្រាក់ចំណូលទាបមិនមានលទ្ធភាពក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅទេ តែពួកគេអាចទិញជាដីឡូត៏រួចហើយសន្សំលុយសង់ផ្ទះនៅពេលក្រោយ។
លោក អ៊ឹង ប៊ុនហួត ប្រធានផ្នែកទីផ្សារនិងភ្នាក់ងារលក់របស់ក្រុមហ៊ុន PIXIU Property បានឱ្យដឹងថានៅដើមឆ្នាំ២០២២នេះ លោកមានសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍនៅតំបន់ផ្លូវ៥១ ជាពិសេសវានឹងមានការអភិវឌ្ឍទៅលើលំនៅឋានជាបុរីសម្រាប់ផ្គត់ផ្គង់ជូនពលរដ្ឋដែលនឹងផ្លាស់ទៅរស់នៅតំបន់នោះ ជាបន្តបន្ទាប់ខណៈគម្រោងរោងចក្រជាច្រើនក៏បាននិងកំពុងលេចរូបរាងជាបន្តបន្ទាប់ផងដែរ។
លោកបន្តថា សម្រាប់អាជីវកម្មដីឡូត៏នៅតំបន់ផ្លូវ៥១នេះ នឹងមានកំណើនសកម្មភាពឡើងវិញ ការទិញលក់នឹងមានសន្ទុះជាងឆ្នាំ២០២០និង២០២១ ហើយប្រជាពលរដ្ឋដែលទិញដីឡូត៏នៅតំបន់នោះ ក៏នឹងចាប់ផ្ដើមសាងសង់ផ្ទះជាបន្តបន្ទាប់ផងដែរ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនទៀតក៏បញ្ចេញសកម្មភាព វិនិយោគរបស់ខ្លួនដែរ។
អ្នកវិនិយោគលំនៅឋានជាច្រើនទៀតក៏បានបង្ហាញថា តំបន់ផ្លូវ៥១ជាតំបន់ដែលមានសក្ដានុពលខ្ពស់នៅពេលអនាគត ខណៈបច្ចុប្បន្ននេះ វាបានបញ្ចេញសកម្មភាពអភិវឌ្ឍន៍ជាបណ្ដើរៗហើយ ដូច្នេះមិនយូរទៀតទេ វានឹងក្លាយជាតំបន់មមាញឹកទៅលើឧស្សាហកម្មហើយនិងមានប្រជាពលរដ្ឋទៅរស់នៅកាន់តែច្រើនឡើងៗ៕