ដោយ៖ សុធារី
មណ្ឌលគិរី៖ ការអនុវត្តន៍សកម្មភាពប្លង់មេសម្រាប់អភិវឌ្ឍន៍ខេត្តមណ្ឌលគិរីនឹងជួយឱ្យខេត្តមណ្ឌលគិរីក្លាយជាខេត្ត ដែលលេចធ្លោលើវិស័យកសិឧស្សាហកម្មនិងទេសចរណ៍ តាមរយៈយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៦ចំណុចរបស់រាជរដ្ឋាភិបាល និងកំណត់យកខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤។
នេះបើតាមប្រសាសន៍របស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នៅក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។
លោកបានបញ្ជាក់ថា ការអនុវត្តន៍សកម្មភាពប្លង់មេ សម្រាប់អភិវឌ្ឍន៍ខេត្តមណ្ឌលគិរី បន្ទាប់ពីខេត្តសៀមរាប នឹងជួយឱ្យខេត្តមណ្ឌលគិរីក្លាយជាខេត្ត ដែលលេចធ្លោលលើវិស័យកសិឧស្សាហកម្មនិងទេសចរណ៍។ ប៉ុន្តែការអភិវឌ្ឍន៍នឹងជួបបញ្ហាបន្តិចបន្តួច ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដោយការពង្រីកផ្លូវ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
លោកអភិបាលខេត្ត បន្តថា ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល ជាអាទិ៍ភាពសំខាន់ៗ ចំនួន៦ ជាការរក្សាការអភិវឌ្ឍន៍ រួមមាន ១-តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃទាំង៥ ទី២-តំបន់របៀងទេសចរណ៍វប្បធម៌ ៣-ក្រុងសែនមនោរម្យ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ ៤-តំបន់ស្រុកអូររាំងអភិវឌ្ឍន៍ព្រលានយន្តហោះ ៥-តំបន់ប្រជុំជនស្រុកកោះញែក ៦-តំបន់ទេសចរណ៍សមាហរណកម្មតាមព្រំដែន៕