ដោយ៖ សុខុម
ប៉េកាំង៖ ហាងទំនិញដ៏ល្បីល្បាញ 7-Eleven ត្រូវបានរដ្ឋាភិបាលចិន ផាកពិន័យជាប្រាក់យ៉ាងច្រើនដោយសារតែហៅកោះតៃវ៉ាន់ ថាជារដ្ឋឯករាជ្យនៅលើគេហទំព័ររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៧ មករា នេះ។
ហាងទំនិញ 7-Eleven គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនជប៉ុន Seven & i Holdings Co។ អ្នកនាំពាក្យក្រុមហ៊ុនមួយនេះបានបញ្ជាក់ប្រាប់កាសែតជប៉ុន Nikkei ថា ខ្លួនត្រូវបានអាជ្ញាធរក្រុងប៉េកាំង ផាកពិន័យជាប្រាក់ប្រហែល២៣.៥០០ដុល្លារអាមេរិក ដោយសារតែរឿងនេះ។
ក្រុមហ៊ុនសហគ្រាសដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសចិន រាប់ចាប់ពីក្រុមហ៊ុន Gap Inc ក្រុមហ៊ុន Daimler AG រហូតដល់ក្រុមហ៊ុនអាកាសចរណ៍ដែលរួមទាំងក្រុមហ៊ុន United Continental Holdings Inc និងក្រុមហ៊ុន ANA Holdings Inc ផងដែរនោះបានធ្វើការសុំទោស ឬ កែតម្រូវគេហទំព័ររបស់ខ្លួន បន្ទាប់ពីហៅកោះតៃវ៉ាន់ ថាជារដ្ឋឯករាជ្យ។
ប្រទេសចិន តែងតែចាត់ទុកកោះនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយជាធម្មតាក្រុមហ៊ុនបរទេសនានាតែងតែគោរពតាម ខណៈខ្លួនធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។
អ្នកនាំពាក្យក្រុមហ៊ុន Seven & i Holdings Co បានគូសបញ្ជាក់ថា ក្រុមហ៊ុន “កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើរឿងនេះ ហើយនឹងធ្វើឱ្យប្រាកដថារឿងបែបនេះកើតឡើងម្តងទៀតឡើយ”។
យោងតាមគេហទំព័រព័ត៌មានឥណទានមួយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលឱ្យដឹងថា អាជ្ញាធរក្រុងប៉េកាំង បានចេញការផាកពិន័យ និងការព្រមាននេះកាលពីខែធ្នូ ចុងឆ្នាំ២០២១។
ទន្ទឹមនេះក្រុមហ៊ុន Seven & i Holdings Co ក៏មិនបានដាក់ឈ្មោះចិន សម្រាប់កោះមួយចំនួននៅសមុទ្រចិនខាងត្បូង ព្រមទាំងសម្រាប់ប្រជុំកោះ Diaoyu ដែលជប៉ុន ហៅថា Senkaku ផងដែរ។ ផែនទីនោះក៏មានកំហុសឆ្គងដែរ នៅក្នុងការដាក់ស្លាកសម្គាល់ព្រំដែនមួយចំនួននៅតាមបណ្តោយតំបន់ស្វយ័តស៊ីនជាំង (Xinjiang) កន្លែងដែលជនជាតិភាគតិចវីហ្គួ រស់នៅ និងតំបន់ស្វយ័តទីបេតិ៍ ផងដែរ៕