ដោយៈគង់ ម៉ាលីន
ស្វាយរៀងៈ ក្រុមហ៊ុនវិនិយោគចិន កំពុងសម្លឹងមើលវិស័យអចលនទ្រព្យ ក្នុងទឹកដីខេត្តស្វាយរៀង ក្រោយពេលសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជាបណ្តើរៗចាប់ពីចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២នេះ។
លោក ម៉ែន វិបុល កាលពីចុងឆ្នាំ ២០២១ បានថ្លែងគាំទ្រ និងលើកទឹកចិត្ត ដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្ត ដែលមានទីតាំងដី អំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគ។
លោកអភិបាលខេត្ត តែងតែជំរុញ និងសហការ ក្នុងការផ្តល់ទំនុកចិត្ត ចំពោះការអភិវឌ្ឍ ហើយរាល់ការវិនិយោគ វិស័យឯកជន ពិតជាបានរួមចំណែក នូវគោលនយោបាយ កាត់បន្ថយភាពក្រីក្រី ជាមួយរាជរដ្ឋាភិបាល បានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋាន និងដីមានតម្លៃសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគម្រោងអចលនទ្រព្យ ភូមិមរតក ក្នុងខេត្តស្វាយរៀង ក៏បានទទួលស្វាគមន៍ក្រុមហ៊ុនដៃគូរ ACCI ដែលដឹកនាំដោយលោក Zhigang Wang សហការជាមួយដៃគូរវិនិយោគិនចិន។
លោកសោម សុធា អគ្គនាយកគម្រោងភូមិមរតក បានមានប្រសាសន៍ឲ្យដឹងថា គម្រោងអចលនទ្រព្យភូមិមរតក បានលរួមនៅក្នុងការងារសង្គម ដូចជា បានស្ថាបនាផ្លូវ និងតែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រជាដើម។
លោកបន្តថា ក្រុមហ៊ុននឹងពង្រីកទីតាំងបន្ថែមទៀត នៅស្រុកស្វាយជ្រំដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់លិចក្រុងស្វាយរៀង ក្លាយទៅជាតំបន់ដែលមានមនុស្សរស់នៅអ៊ូអរ ស៊ីវិល័យ ទាក់ទាញ និងមានដី ផ្ទះ តូបផ្សារ ក្នុងតម្លៃសមរម្យ៕