ដោយ: សុផារី
សៀមរាបៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២កន្លងមកនេះបានបញ្ជាក់អំពីទីតាំង នៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងឬស្ពានស្វាយជ្រុំ ដែលគ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២៣ខាងមុខនេះ ខណៈពេលនេះការសិក្សាជិតចប់សព្វគ្រប់អស់ហើយ។
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍បញ្ជាក់ថា ចំពោះទីតាំងតភ្ជាប់ក៏កំពុងស្ថិតក្នុងការសម្រេចផងដែរ ដោយមានជម្រើសពីរ គឺទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន២។ ដូច្នេះទីតាំងណា ដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិចជាជម្រើសល្អ។
លោករដ្ឋមន្ត្រីបន្តថា “ស្ពានឆ្លងទន្លេមេគង្គ នៅភ្នំពេញ គឺស្ពានស្វាយជ្រុំ ឥឡូវនេះសិក្សាជិតចប់សព្វគ្រប់ហើយ ដែលមានជម្រើសស្ពាន៣ប្រភេទមានស្ពានធម្មតា មានស្ពានខ្សែកាបិ៍ ដូច នៅអ្នកលឿង យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ចេញថ្លៃសាងសង់”។លោកបន្តថា “ខ្ញុំគិតថាទាល់ឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់ស្ពាន ស្វាយជ្រុំនេះបាន”។
ការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់។
បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះ នៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ៕