ដោយៈ សុផារី
ភ្នំពេញៈ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថានភាពវិនិយោគ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ។
ជាក់ស្ដែងក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ គម្រោងវិនិយោគឯកជនសរុបមានចំនួន១០គម្រោង បានធ្លាក់ចុះដល់ទៅ៣៤គម្រោង។
តាមរយៈគម្រោងខាងលើនេះ លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីមានប្រមាណជា៨៩ពាន់នាក់ បានធ្លាក់ចុះ២០,៣%។ ទុនវិនិយោគសរុបមានតម្លៃ១៧១៦លានដុល្លារ បានធ្លាក់ចុះ៧២,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានមានប្រសាសន៍ថា លំហូរនៃអ្នកវិនិយោគពីបរទេស ចូលមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១នេះមានការធ្លាក់ចុះ គឺជារឿងធម្មតា ដោយសារបញ្ហាប្រឈម នៃវិបត្តិជំងឺកូវីដ១៩ នៅលើពិភពលោកមិនទាន់មានលក្ខណៈធូរស្បើយនៅឡើយ។
លោកបន្តថា “ភាគច្រើននៃការប្រាក់ចុះនេះ បណ្ដាលមកពីការរឹតត្បិតនៃការធ្វើដំណើរ និងការបារម្ភអំពីសុវត្ថិភាពរបស់វិនិយោគិនបរទេស”។
យ៉ាងណាក្តី លោកថាការធ្លាក់ចុះនៃការវិនិយោគនេះ មិនបានធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា ជួបនូវវិបត្តិទីផ្សារអចលនទ្រព្យនោះទេ។ លោកថា នេះគឺជាឱកាសអាចពង្រឹងសមត្ថភាព នៃវិនិយោគិនក្នុងស្រុក ព្រោះវិនិយោគិនក្នុងស្រុក នៅតែមានលទ្ធភាពនៃការវិនិយោគ និងជំរុញវិស័យអចលនទ្រព្យកម្ពុជាឱ្យកាន់តែរឹងមាំ។
លោកច្រឹក សុខនីមបានអះអាងថា វិនិយោគិនជាលក្ខណៈបុគ្គលនៅក្នុងស្រុក នៅក្នុងប្រទេសកម្ពុជា នៅតែមានជំនឿចិត្តមុតមាំ ទៅលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ទោះបីស្ថិតក្នុងកំឡុងវិបត្តិក្តី បណ្ដាក្រុមហ៊ុន សមាគមជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុសរុប១៣០ក្រុមហ៊ុន ដែលជាក្រុមហ៊ុនអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែបន្តសកម្មភាពទិញ លក់ ជួលអចលនទ្រព្យ ប្រសិនបើចលនទ្រព្យទាំងនោះទទួលបានតម្លៃល្អ ព្រមជាមួយរបៀបទូរទាត់ល្អប្រសើរ។
លោកបន្តថា “សកម្មភាពទាំងនេះ សបញ្ជាក់ថាការរីកចម្រើននៃវិនិយោគិនក្នុងស្រុក គឺជាកត្តាសំខាន់ក្នុងការជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពរឹងមាំ”។
ទោះយ៉ាងណាក្តី លោកនៅតែមានសុទិដ្ឋិនិយមថាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ទ្រព្យនិងការវិនិយោគរបស់កម្ពុជា និងមានលក្ខណៈល្អប្រសើរឡើង។
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាត ដល់គម្រោងសំណង់សរុប ៣៩២៥គម្រោង ដែលធ្លាក់ចុះ៤០៣ គម្រោង បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ចេញដោយក្រសួងបញ្ជាក់ថា តម្លៃសរុបនៃគម្រោងទាំងនោះមាន៥៤៥៦លានដុល្លារ ដែលធ្លាក់ចុះ២២,១%។ ក្នុងនោះ ប្រភេទសំណង់លំនៅដ្ឋានមានចំនួន៣២៨៤ គម្រោង ស្មើនឹង៨៦,២% នៃសំណើរសុំសាងសង់សរុប ធ្លាក់ចុះ២៦៨គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕