សល់៣ថ្ងៃទៀតប៉ុណ្ណោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០

0

ដោយៈកុសមា

ព្រះសីហនុ: នៅសល់រយៈពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ វេទិកាទេស​ចរណ៍អាស៊ានលើកទី៤០ នឹងឈានមកដល់ហើយ ខណៈថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរដែលពាក់ព័ន្ធ ក៏បានត្រៀមការរៀបចំព្រឹត្តិការណ៍នេះ ស្ទើរតែរួចរាល់ ១០០%ហើយ ទោះបីមានការរំខានពីបញ្ហាកូវីដបំប្លែងថ្មី “អូមីក្រុង” នៅក្នុងសហគមន៍ខ្លះៗយ៉ាងណាក៏ដោយ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីបើកជាផ្លូវការនៃវេទិកាទេសច​រណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ជាក់ស្ដែង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន លោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារ ដែលនៅសេសសល់ចុងក្រោយ សម្រាប់រៀបចំ ATF 2022 នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ។

វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខាន ដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វ​ផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ាន។

លោកថោង ខុន បានមានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោ​លដៅទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពី “ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here