ដោយ: វឌ្ឍនៈ
ភ្នំពេញ ៖ បច្ចុប្បន្ន មុខជំនួញដែលកំពុងមានការពេញនិយមនិងមានការវិនិយោគច្រើននៅកម្ពុជា គឺជំនួញអចលនទ្រព្យ ព្រោះមានផ្នត់គំនិតថាការវិនិយោគលើអចលនទ្រព្យគឺជាឱកាសសាងភាពមានបានខ្ពស់។ អ្នកជំនួញអចលនទ្រព្យជាច្រើនបានផ្ដល់ជាទស្សននិងយោបល់ពាក់ព័ន្ធនឹងនឹងប្រឡូកវិស័យអចលនទ្រព្យ ដើម្បីក្លាយខ្លួនដែលមានភាពមានបាន បានឆាប់រហ័សនិងដល់គោលដៅ ខណៈបច្ចុប្បន្ននេះ អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ មានចំនួនកាន់តែច្រើន។
លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានលើកឡើងថាលោកមើលឃើញថា វិស័យអចលនទ្រព្យជាវិស័យមួយដែលអាចសាងភាពមានបាន បានលឿនរហ័សបើសិនជាដើរត្រូវនិងនិងមានផែនការច្បាស់លាស់ ក្នុងការប្រឡូកក្នុងវិស័យអចលនទ្រព្យ។
លោកឧកញ៉ាបន្តថានៅក្នុងជំនួញអចលនទ្រព្យ បានធ្វើឱ្យមនុស្សជាច្រើនបានក្លាយជាអ្នកមាន ក្លាយជាសេដ្ឋី ដោយវាមិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ ជាក់ស្ដែងមហាសេដ្ឋីធំៗនៅលើពិភពលោកភាគច្រើនក៏ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យដែរ។
លោកហ៊ិន រស់ ម្ចាស់គម្រោងអភិវឌ្ឍន៍ ភូមិចំការដូងរីសត នៅក្នុងភូមិ ស្ពានដែក ឃុំឆ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងផងដែរថា មុននឹងលោកសម្រេចប្រឡូកនៅក្នុងវិស័យនេះ លោកបានមើលឃើញថាអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យភាគច្រើនជាអ្នកមាន និងរកលុយបាន ហើយលោកក៏បានប្រឡុកក្នុងវិស័យនេះ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះលោកក៏រកចំណូលបានពីការប្រឡូកនៅក្នុងវិស័យអចលនទ្រព្យដែរ។
លោកបន្តថាផ្ដើមចេញពីការប្រឡូកក្នុងវិស័យនេះដំបូងលោកមានទុនត្រឹមតែដី២ឡូត៏ប៉ុណ្ណោះ ប៉ុន្តែដោយសារតែឃើញថាការទិញលក់ដីកាន់តែសកម្មនិងទទួលបានបានផល់ចំណេញ លោកក៏បានធ្វើបែបនេះជាបន្តបន្ទាប់ ហើយក៏ទទួលបានលទ្ធផលល្អប្រសើរ និងអាចរកដីសម្រាប់អភិវឌ្ឍន៍ជាដីឡូត៏លំហែមួយកន្លែងដែលមានការវិនិយោគធំមួយក្នុងតំបន់៕