ដោយ សុខុម
បាងកក: ក្រុមហ៊ុន Amata Corporation Plc ដែលចុះបញ្ជីនៅទីផ្សារភាគហ៊ុនថៃ កំពុងតែបន្តពង្រីកខ្លួននៅក្រៅប្រទេសតាមរយៈការសាងសង់គម្រោងទីក្រុងឆ្លាតវៃបែបអេកូធម្មជាតិមួយដែលមានឈ្មោះថា Amata Smart and Eco City នៅប្រទេសឡាវ។
យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៤ មករា ឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍ និងជាប្រតិបត្តិករសួនឧស្សាហកម្មខាងលើនេះ ទទួលបានដីសម្បទានសម្រាប់អភិវឌ្ឍសួនឧស្សាហកម្មថ្មីមួយលើផ្ទៃដីរហូតដល់ទៅ៤១០ហិកតានៅ Natuey ស្ថិតក្នុងខេត្ត Luang Namtha ប្រទេសឡាវ ភាគខាងជើង។
លោក Vikrom Kromadit ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Amata បានលើកឡើងថា សួនឧស្សាកម្មនេះនឹងក្លាយជាគំរូសម្រាប់សួនឧស្សាហកម្មទំនើប ដែលមានហេដ្ឋារចនាសម្ព័ន្ធសន្សំសំចៃថាមពល និងការគ្រប់គ្រងបរិស្ថានប្រកបដោយនិរន្តរភាព។
លោកបានលើកឡើងបន្ថែមទៀតថា “គម្រោង Amata Smart and Eco City Natuey នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំនេះជាមួយនឹងសក្ដានុពលពង្រីកបន្ថែមរហូតដល់ទៅ២០០គីឡូម៉ែត្រការ៉េ (២០.០០០ហិកតា) នៅក្នុងដំណាក់កាលបន្ទាប់ៗ”។
គម្រោងអភិវឌ្ឍន៍នេះនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Amata City Lao Sole Company ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Amata។
គម្រោងនេះក៏មានគោលបំណងជួយប្រទេសឡាវ ជំរុញផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនផងដែរ ដោយនាំមកនូវវិបុលភាព និងនិរន្តរភាពផ្នែកសេដ្ឋកិច្ចដល់ប្រទេសនេះ៕