ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបពីមូលហេតុ ដែលសេចក្តីថ្លែងការណ៍ កិច្ចប្រជុំកំពូលអាស៊ានកាលពី១០ឆ្នាំមុន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះចេញមិនរួច។
សម្តេចតេជោបានថ្លែងចេញពីក្រុងព្រះសីហនុ កាលពីរាត្រីថ្ងៃទី១៨ មករាកន្លងមក ក្នុងពេលសម្តេចអញ្ជើញជាអធិបតី បើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ានថា មូលហេតុដែលនៅពីក្រោយ ការមិនអាចចេញសេចក្តីថ្លែងការណ៍ COC បានពេលនោះ គឺជាការចាប់បង្ខំឲ្យកម្ពុជាធ្វើចៅក្រមកាត់សេចក្តីលើដែនអធិបតេយ្យសមុទ្រចិនខាងត្បូងទៀតផង។
ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែនក៏ធ្លាប់បានប្រកាសជាមុនទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ដើម្បីកុំឱ្យមានការបន្ទោសលើកម្ពុជា ប្រសិនបើសេចក្តីថ្លែងការណ៍ស្តីពី ក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មិនអាចចេញបានដូចពេលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០១២។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា អាស៊ានឆ្នាំ២០២២នេះ មានកិច្ចការជាច្រើនក្រៅពីបញ្ហា របស់មីយ៉ាន់ម៉ា ដោយសម្តេចបានគូសបញ្ជាក់ថា អាស៊ានមិនមែនជាចំណាប់ខ្មាំង នៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ ដូចដែលអ្នកទាំងឡាយ បាននិយាយយ៉ាងច្រើន ក្នុងរយៈពេលប្រមាណជិត៣សប្តាហ៍នេះ។ សម្តេចបន្តថា យើងមានបញ្ហាជាច្រើន ដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំង នៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។
សម្តេចតេជោហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សម្តេចនាពេលនេះ ជាការបញ្ជាក់យ៉ាងខ្លីដោយសង្ខេប ដើម្បីចង្អុលបង្ហាញទិស សម្រាប់អ្នកតាមដាន ស្ថានការណ៍នយោបាយទាំងឡាយ នៅក្នុងតំបន់អាស៊ាននេះ ខណៈដែលកម្ពុជាបានកាន់តំណែង ធ្វើជាប្រធានអាស៊ានជាលើកទី៣។
នៅមុនមានការបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា ត្រូវបានជជែកយ៉ាងផុសផុលនៅតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ក្រោយទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសសមាជិកមួយចំនួន ដូចជា ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី បានរំលឹកអំពីលក្ខខណ្ឌសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយពួកគេមិនចង់ឱ្យមានការអញ្ជើញបុគ្គល ដែលពាក់ព័ន្ធនឹងនយោបាយ ចូលរួមប្រជុំអាស៊ានឡើយ ប្រសិនបើគ្មានការវិវឌ្ឍណាមួយគួរឱ្យកត់សម្កាល់ ចំពោះការអនុវត្តគោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន ដែលដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១ សម្រាប់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
ថ្លែងនៅក្នុងវេទិកាដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា របៀបវារៈនៃកិច្ចការអាស៊ាន មិនមែនមានបញ្ហាតែមួយនោះទេ គឺមានបញ្ហាច្រើនដែលត្រូវធ្វើ រាប់ទាំងបញ្ហាធ្វើឱ្យទេសចររស់ឡើងវិញ នៅក្នុងបរិបទនៃកូវីដ១៩។
កន្លងទៅសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា សម្រាប់បញ្ហាមីយ៉ាន់ម៉ានាពេលនេះ មិនមែនដោះស្រាយបញ្ចប់ត្រឹមរយៈពេលខ្លី ឬត្រឹមដំណាក់កាលកម្ពុជា ធ្វើជាប្រធានអាស៊ាននោះទេ។ សម្តេចបានលើកឡើងអំពីភាពចាំបាច់នៃការបង្កើត អាស៊ានត្រ័យការណ៍ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាមីយ៉ាន់ម៉ានេះ ដែលអាចធ្លាក់ទៅដល់ដៃប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងបញ្ហាអាស៊ានឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានលើកឡើង ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំនេះ ចំនឹងខួប២០ឆ្នាំ នៃការដាក់ចេញក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០០២ផងដែរ៕