ដោយៈសុខុម
ហ្សាការតា: គម្រោងកសាងរដ្ឋធានីថ្មី នៃប្រទេសឥណ្ឌូនេស៊ី ជាមួយទំហំទុនវិនិយោគរហូត ដល់ទៅ៣៤ពាន់លានដុល្លារអាមេរិក កំពុងតែបោះជំហានឆ្ពោះទៅមុខ ដោយកាលពីថ្ងៃអង្គារ ទី១៨ មករា សមាជិកសភាបានអនុម័តគម្រោងទីក្រុងថ្មីនេះដែលនឹងត្រូវប្រសិទ្ធនាមថា Nusantara។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ឱ្យដឹងថា ឈ្មោះ Nusantara ដែលមានន័យត្រង់ថា Archipelago ឬ “ប្រជុំកោះ” ខាងលើនេះត្រូវបានប្រធានាធិបតី ចូកូ វីដូដូ ជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីបាវចនាជាតិ នៃប្រទេសឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិលោក Suharso Monoarfa បានថ្លែងនៅចំពោះមុខសភាកាលពីថ្ងៃច័ន្ទ ទី១៧ មករា ថា លោកប្រធានាធិបតី ចូកូ វីដូដូ ចង់ឱ្យរដ្ឋធានីថ្មីនេះបង្អួតពីភាពចម្រុះ នៃប្រទេសឥណ្ឌូនេស៊ី ដែលសម្បូរទៅដោយប្រជុំកោះច្រើនបំផុតក្នុងពិភពលោក។
លោក Suharso Monoarfa បានបញ្ជាក់ថា ក្រុមអ្នកជំនាញខាងប្រវត្តិសាស្ត្រ និងភាសាវិទ្យា បានស្នើឈ្មោះរហូតដល់ទៅ “ប្រមាណ៨០” សម្រាប់ដាក់ឱ្យរដ្ឋធានីថ្មីនេះ ប៉ុន្តែចុងក្រោយលោកប្រធានាធិបតី ចូកូ វីដូដូ បានសម្រេចជ្រើសយកឈ្មោះ Nusantara ព្រោះគ្មានឈ្មោះណាស្រដៀង និងស័ក្ដិសមដូចឈ្មោះនេះឡើយ។
រដ្ឋធានីថ្មី Nusantara ដែលនឹងត្រូវកសាងឡើងនៅលើផ្ទៃដីរហូតដល់ទៅ៥៦.១៨០ហិកតា នឹងក្លាយជាដែនរដ្ឋបាលពិសេស ដែលនឹងអនុញ្ញាតឱ្យប្រធានាធិបតីជ្រើសតាំងចៅហ្វាយក្រុង ហើយសុំការអនុម័តពីសភា។
ភាគច្រើននៃហិរញ្ញប្បទាន សម្រាប់ការកសាងរដ្ឋធានីថ្មីនេះ ដែលស្មើនឹង៥៣% នឹងបានពីថវិកាជាតិ។ រដ្ឋាភិបាលក៏នឹងស្វះស្វែងរកហិរញ្ញប្បទានពីអាជីវកម្មនានា វិស័យឯកជន និងបណ្ដាសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋផងដែរ៕ South China Morning Post៕