រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់កែលម្អផ្លូវជាតិចំនួន៣តភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣

0

ដោយៈ សុផារី

កែបៈ រាជរដ្ឋាភិបាលគ្រោងនឹងសាងសង់ កែលម្អផ្លូវជាតិចំនួន៣ គឺផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ តភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន។

នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប នៅក្នុងថ្ងៃនេះ។

លោកបានមានប្រសាសន៍ថា នៅពេលខាងមុខ រាជរដ្ឋាភិបាលតាម    រយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ។

នេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សា​ហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យ​មកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេស​ចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមាញឹក។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន សាងសង់លើទីតាំងកំពង់ផែចាស់ មានផ្ទៃក្រឡាសរុប៣៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ១,២០០,០០០ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here