ដោយៈ លក្ខិណា
ភ្នំពេញៈ គិតត្រឹមថ្ងៃទី២០ មករា ២០២២ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ បានចំណាយទឹកប្រាក់ក្នុងការសាងសង់៣៩០ លានដុល្លារអាមេរិក និងសម្រេចបានប្រមាណ៣០ភាគរយ នៃសំណង់ទាំងមូល។
ទឹកប្រាក់៣៩០លានដុល្លារអាមេរិក ដែលបានចំណាយលើការសាងសង់គម្រោងព្រលានយន្តហោះអន្តរជាតិនេះ មិនទាន់រាប់បញ្ចូលនូវថ្លៃដីដែលវិនិយោគដោយក្រុមហ៊ុនCAICនៅឡើយ ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រលានយន្តហោះអន្តរជាតិមួយនេះនៅរសៀលថ្ងៃទី២០មករា ២០២២ ។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ ក៏បានលក់សញ្ញាបណ្ណបំណុលទៅដល់ធនាគារនានា នៅក្នុងប្រទេសកម្ពុជាជាច្រើនផងដែរជាក់ស្ដែងនៅរសៀលថ្ងៃទី២០ មករា ២០២២នេះ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ បានចុះហត្ថលេខាជាមួយធនាគារវីង ក្នុងការលក់មូលបត្របំណុល ទៅកាន់ធនាគារវីងចំនួន២លានដុល្លារអាមេរិក។
តាមសេចក្ដីព័ត៌មាន ក្រោយពិធីចុះហត្ថលេខានេះបានឱ្យដឹងថា ទឹកប្រាក់ដែលទទួលបាន ពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។
ក្រៅពីធនាគារវីង គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ បានលក់សញ្ញាបណ្ណបំណុល ឬសញ្ញាប័ណ្ណ ទៅកាន់ធនាគារជាច្រើននៅកម្ពុជា រួមមានធនាគារអេស៊ីលីដា ទិញសញ្ញាបណ្ណ៣០លានដុល្លារអាមេរិក ធនាគារ ធនាគារពាណិជ្ជអាល់ហ្វា ទិញ១០លានដុល្លារអាមេរិក ធនាគារប្រៃសណីយ៍ទិញ១០លានដុល្លារអាមេរិក ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA ) ទិញសញ្ញាបណ្ណ៣០លានដុល្លារអាមេរិក ធនាគារទិញចំនួន២០លានដុល្លារអាមេរិក ។
សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានអំពាវនាវឱ្យធនាគារ និងក្រុមហ៊ុនក្នុងស្រុកចូលរួមក្នុងទិញ សញ្ញាបណ្ណពីក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅមុខបានលឿន និងឆាប់រហ័ស បម្រើដល់យន្តហោះធំៗចុះចតនៅក្នុងប្រទេសកម្ពុជាបាន៕