តំបន់សេដ្ឋកិច្ចពិសេសចំនួន៣៩បាន ស្រូបយក លំហូរទុន វិនិយោគសរុប ២,៧ពាន់លានដុល្លារអាមេរិក

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេសជាតំបន់ឧស្សាហកម្មដ៏សំខាន់មួយក្នុងទាក់ទាញការវិនិយោគពីក្នុងនិងក្រៅប្រទេសជាពិសេសនៅក្នុងវិស័យរោងចក្រឧស្សាហកម្ម។ ឆ្នាំ២០២១ តំបន់សេដ្ឋកិច្ចពិសេសដែលរដ្ឋាភិបាលបានយល់ព្រមឱ្យដំណើរការមានចំនួន៣៩ទីតាំង និងមានទឹកប្រាក់វិនិយោគសរុបប្រមាណ២,៧ពាន់លានដុល្លារអាមេរិកលើទំហំដីសរុប១៣ពាន់ហិចតា។ នេះបើតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia ដែលចេញផ្សាយពេលថ្មីៗនេះ។

ក្នុងរបាយការណ៍ដែលសិក្សាដោយក្រុមហ៊ុនអចលនទ្រព្យធំមួយនេះបានបង្ហាញផងដែរថាតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុទទួលបានទឹកប្រាក់វិនិយោគច្រើនជាងគេដែលមានទំហំរហូតដល់ជាង៧០០លានដុល្លារអាមេរិក។

ក្រៅពីនេះ មានតំបន់សេដ្ឋកិច្ចខេត្តស្វាយរៀងទទួលបានទឹកប្រាក់វិនិយោគជាង៤០០លានដុល្លារអាមេរិក តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងទទួលបានទឹកប្រាក់វិនិយោគជាង៣០០លានដុល្លារអាមេរិក តំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ឆ្នាំងទទួលបានទឹកប្រាក់វិនិយោគជិត៣០០លានដុល្លារ។ តំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានទឹកប្រាក់វិនិយោគតិចជាងគេគឺតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តតាកែវ ដែលមានទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិកប៉ុណ្ណោះ។

ការសិក្សាបង្ហាញថា រយៈពេលនៃការទិញដីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិនិយោគ គឺចំនួន៥០ឆ្នាំ និងមានតម្លៃចន្លោះពី ២០ដុល្លារអាមេរិក្នុងមួយម៉ែត្រការ៉េទៅ៩០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកសម្រាប់ការជួលដីវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសគឺមានតម្លៃចន្លោះពី១៥សែនក្នុងមួយម៉ែត្រការ៉េក្នុងមួយខែទៅដល់៤,២ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគជាច្រើនទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ ដោយបានឃើញ ក្រុមហ៊ុនវិនិយោគក្នុងនិងក្រៅប្រទេសជាច្រើនចាប់អារម្មណ៍ក្នុងការដាក់ទុនបង្កើតទីតាំងវិនិយោគរបស់ខ្លួននិងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here