តើស្ថានភាពអចលនទ្រព្យនៅទិសខាងកើតរាជធានីភ្នំពេញកើនឡើង ឬថយចុះ?

0

ដោយ៖ សុផារី

ភ្នំពេញ៖ ច្បារអំពៅគឺជាតំបន់មួយស្ថិតនៅខាងកើតរាជធានីភ្នំពេញ ដែលមានដងទន្លេសងខាង រាប់ចាប់ពីខាងកើតស្ពានស្ពានព្រះមុនីវង្សឬស្ពានច្បារអំពៅ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ តម្លៃ​ដីធ្លី​នៅ​ក្នុង​ខណ្ឌ​នេះ​មិនសូវជា​មាន​តម្លៃ​ខ្ពស់​ទេ តែ​បច្ចុប្បន្ន​ដោយសារ​វត្តមាន​នៃ​បុរី​ធំៗមួយ​ចំនួន​បាន​ធ្វើឱ្យ​មាន​ការ​ងើបឡើង​គួរ​ឱ្យ​កត់សម្គាល់។ តើនៅ​ក្នុង​ឆ្នាំ​២០២២​នេះ​ ស្ថានភាពអចលនទ្រព្យនៅទិសខាងកើតវិវត្តបែបណា?

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុម​ហ៊ុន K​W Cambodia បានលើកឡើងថាដើម្បីដឹងថាស្ថានភាព​ដីធ្លីនៅច្បារអំពៅ កៀនស្វាយយ៉ាងមិច យើងត្រូវស្គាល់ពីតាំងភូមិសាស្រ្ត ការស្គាល់ភូមិសាស្រ្តច្បាស់អាចក្លាយទៅជាលោកធំ មនុស្សដែលស្គាល់ប្រវត្តិសាស្រ្តច្បាស់ និងអាចក្លាយទៅជាអ្នកនយោបាយដ៏ឆ្នើម ស្គាល់ភូមិសាស្រ្តច្បាស់និងអាចទិញដីចំណេញបានលុយច្រើន ចឹងដើម្បីដឹងថាភូមិសាស្រ្តខាងកើតយ៉ាងមិចទាល់តែយើងដឹងច្បាស់ពីភូមិសាស្រ្ត។

លោកឧកញ៉ាបណ្ឌិតបន្តថា ច្បារអំពៅគឺជាតំបន់មួយស្ថិតនៅខាងកើតរាជធានីភ្នំពេញ ដែលមានដងទន្លេសងខាង តម្លៃ​ដីធ្លី​នៅ​ក្នុង​ខណ្ឌ​នេះ​មិនសូវជា​មាន​តម្លៃ​ខ្ពស់​ទេ​ បើ​ប្រៀបធៀប​នឹង​តំបន់​កណ្តាល​ក្រុង​ ព្រោះ​ប្រជាជននៅតំបន់នោះមិនសូវ​មានជនជាតិអឺរ៉ុបនិង​ចិនរស់នៅ​ទេ​។

កត្តាទី១ ព្រោះ​ការណ៍​មិនសូវមានចិនទៅរស់នៅ​ក្នុង​តំបន់ ធ្វើឱ្យ​តម្លៃ​ដីធ្លី​ក្នុង​ខណ្ឌ​ច្បារអំពៅមិនអាច​ឡើងថ្លៃបានខ្ពស់​ កត្តា​ទី​២ ព្រោះ​ជនជាតិ​អឺរ៉ុបមិនសូវនិយម​ ព្រោះជនជាតិ​ស្បែកស​ចូលចិត្ត​នៅកន្លែងណាផ្ទះថ្លៃ ដោយសារពួកគេគិតពីសុវត្ថិភាព ភាគច្រើននៅខណ្ឌទួលគោក ព្រោះទួលគោកជាតំបន់កណ្តាលក្រុង មានសុវត្តិភាព។ ចំណែក នៅក្នុង​ខណ្ឌ​ច្បារអំពៅមានតែបងប្អូនខ្មែរប៉ុណ្ណោះដែលរស់នៅ។

លោកឧកញ៉ាបណ្ឌិតបន្តទៀតថា កាលពី១០ទៅ២០ឆ្នាំមុន ច្បារអំពៅគឺជាតំបន់មួយដែលមានការរីកចម្រើនតិចបំផុត ដោយឡែកបច្ចុ​ប្បន្ន ដោយសារ​មាន​វត្តមាន​នៃ​បុរី​ធំមួយ​គឺ​បុរីប៉េងហួត ដែលទាញអោយដីធ្លីនៅខណ្ឌច្បារអំពៅឡើងថ្លៃខ្ពស់ជាងមុន​។

លោកឧកញ៉ាបណ្ឌិត​មាន​ប្រសាសន៍ថា “ច្បារអំពៅកាលពី២០ឆ្នាំមុន ដីធ្លីមិនសូវឡើងថ្លៃទេ ព្រោះតំបន់នេះឆ្លងស្ពានប្រជាជនខ្មែរមិនចូលចិត្តឆ្លងស្ពានទេ ជាហេតុធ្វើឱ្យ​អ្នកវិនិយោគធំៗមិនហ៊ានចូលមកវិនិយោគនៅតំបន់នោះ”។

លោកឧកញ៉ាបណ្ឌិតអះអាងថា ដីធ្លីក្នុង​តំបន់​ច្បារអំពៅ កៀនស្វាយ ឆ្នាំ២០២២នេះ​នឹង​ឡើងថ្លៃបាន ប៉ុន្តែតិច។

បើតាម​លោកឧកញ៉ាបណ្ឌិត តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ជាតំបន់លំហែកំសាន្ត និងស្នាក់នៅ តំបន់នោះជាតំបន់សាងសង់បុរីសម្រាប់មនុស្សនៅ ដោយសារមានដងទន្លេ មានទឹក មានដើមឈើច្រើនអាកាសធាតុត្រជាក់។ ដី​ធ្លី​ក្នុង​តំបន់​ទាំង​នេះ​ ស័ក្តិសម​ដើម្បីធ្វើផ្ទះនៅ ជាពិសេសសម្រាប់មនុស្សមានវ័យចំណាស់ ប៉ុន្តែមិនសូវ​ល្អ​សម្រាប់​ការ​សង់ខុនដូ អាផាតមិន សណ្ឋាគារ អាគារការិយាល័យទេ។​

តើមនុស្សប្រភេទណាខ្លះដែលទិញអចលនទ្រព្យនៅច្បារអំពៅ លោកឧកញ៉ាថា៖ តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញមិនសូវមានអាគារខ្ពស់ៗទេ បានសម្រាប់តែទិញដើម្បីសង់ផ្ទះនៅប៉ុណ្ណោះ។​

លោកបណ្ឌិត​អះអាង​​ថា ក្នុង​ខណ្ឌ​ច្បារអំពៅគ្មានផ្នែកណាមួយដែលដីអាចឡើងថ្លៃបានទេ លើកលែងតែតំបន់កោះនរាហ៍​ ដោយ​ជាទូទៅតម្លៃដីនៅចន្លោះ១០០០ដុល្លាអាមេរិក​ ទៅ២៥០០ដុល្លាអាមេរិកប៉ុណ្ណោះ សរុបជារួម ដីធ្លីនៅច្បារអំពៅមិនអាចឡើងលើស៣០០០ដុល្លាអាមេរិក​ទេ ហើយ៥ឆ្នាំទៀតក៏មិនលើសនិងដែរ លើកលែងតែដីមាត់ទន្លេ។

លោកឧកញ៉ាបន្តថា ”បើបងប្អូនមានដីនៅច្បារអំពៅ ហើយគេអោយតម្លៃសមរម្យហើយលក់ចេញទៅ កុំចាំឡើងថ្លៃពេលក្រោយទៀត គីម ហ៊ាង ថាលែងឡើងហើយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here