ដោយៈគង់ សូរិយា
ភ្នំពេញៈ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបង្ហាញការគាំទ្រ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រងប្រែងក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា និងចាត់ទុកកម្ពុជាជាដៃគូសំខាន់របស់ម៉ាឡេស៊ី។
ជាមួយគ្នានឹងជំនួបតាមប្រព័ន្ឋវីដេអូ សម្តេចតេជោបានអញ្ជើញនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីពង្រឹងចំណងទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ក៏ដូចជាពិភាក្សាលើបញ្ហាផ្សេងៗ។
ការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលស ម្តេចជួបពិភាក្សា ការងារជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយលោករំពឹងថា នឹងអញ្ចើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ ហើយអាចពិភាក្សា ដោយផ្ទាល់អំពីទំនាក់ទំនងទ្វេភាគីផង រួមទាំងអាចពិភាក្សាអំពីស្ថានភាពនៅមីយ៉ាន់ម៉ា។ បើនេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបន្ថែម នៅចុងឆ្នាំនេះបើមិនមានការរំខាន់ពីការរាតត្បាតជំងឺកូវីដ១៩ទេ លោកនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងជំនួបព្រឹកមិញនេះ ក្រៅតែពីជជែកលើបញ្ហារបស់មីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន និងលោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានពិភាក្សាពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនង ស្របពេលដែលឆ្នាំ២០២២នេះ ជាខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបង្ហាញភាពរីករាយ ចំពោះភាពប្រសើរឡើង នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី បើទោះបីជួបស្ថានភាពលំបាកនៃជំងឺកូវីដ១៩។
លោកបណ្ឌិត កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោមកបញ្ជាក់ថា “ប្រទេសយើងទាំងពីរ នៅតែខិតខំជំរុញកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ។ កម្ពុជា ជាប្រទេសតូចមែន តែលទ្ធភាព នៃការស្រូបទិញទំនិញពីប្រទេសម៉ាឡេស៊ីបានចំនួនច្រើនផងដែរ។
ក្នុងជំនួបនេះ សម្តេចតេជោហ៊ុន សែនក៏បានស្នើឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងម៉ាឡេស៊ី៕