ដោយ៖ សុផារី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានអញ្ជើញជួបពិភាក្សាជាមួយគណៈកម្មការផលិតភាពយន្ត “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” និងបានស្តាប់នូវបទបង្ហាញអំពីគម្រោងនៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។
លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា តាមរយៈភាពយន្តដែលនឹងត្រូវផលិតឡើងនេះ នឹងផ្តល់ជាភាពងាយស្រួលសម្រាប់សាធារណជនជាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរពលិកម្មរបស់ឥស្សរជនជំនាន់មុនដែលជាប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការស្វែករកសុខសន្តិភាពជូនប្រទេសជាតិ ដោយការដាក់ជីវិត ជាដើមទុន។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណគណៈកម្មការផលិតភាពយន្ត “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” ចំពោះការធ្វើបទបង្ហាញ និងសូមជូនពរឱ្យដំណើរ ប្រព្រឹត្តទៅនៃការផលិតភាពយន្ដដ៏មានអត្ថន័យជ្រាលជ្រៅនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ។
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ដែលជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។
សម្រាប់គណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយក្នុងគណៈកម្មការនេះមានអនុគណៈកម្មការមួយចំនួនទៀតផងដែរ៕