រដ្ឋាភិបាលព្យាករណ៍កំណើននសេដ្ឋកិច្ចឆ្នាំនេះនឹងសម្រេចបានកំនើន៥,៦ភាគរយ

0

ដោយៈគង់ សូរិយា

 ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចបានកំណើន៥,៦ភាគរយ ខណៈឆ្នាំ២០២១កន្លងមកនេះ កម្ពុជាសម្រេចបានកំនើនសេដ្ឋកិច្ច ត្រឹម៣ភាគរយប៉ុណ្ណោះ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៥,៦% និងឈានជាបណើ្តរៗ ទៅរកកំណើនសក្តានុពលក្នុង រយៈពេលមធ្យម ដែលគាំទ្រដោយកំណើនល្អប្រសើរ នៃតម្រូវការសកល និងការកើនឡើងវិញសន្សឹមៗ នូវទំនុកចិត្តវិនិយោគ និងការរំពឹងទុកនូវការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣។

ក្របខ័ណ្ឌស្តារ និងជម្រុញកំនើនសេដ្ឋកិច្ច នឹងស្តារកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យត្រឡប់ទៅរកកំណើនសក្តានុពល និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបាន នូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ដោយឡែក ភាពបើកចំហរ និងការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយច្រវាក់ផលិតកម្មតំបន់ និងសកលនៃសេដ្ឋកិច្ចកម្ពុជា អាចធ្វើឱ្យកម្ពុជារងនូវផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីហានិភ័យមួយចំនួនដូចជា ទី១ ការអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ ជាពិសេសការរីករាលនៃវីរុសបំប្លែងខ្លួនប្រភេទថ្មី ទី២ ភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ទី៣ ការរឹតបន្តឹងការធ្វើដំណើរ និងរំហូរមូលធនពីប្រទេស ដែលជាប្រភពវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា ទី៤ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ក្នុងប្រទេសអភិវឌ្ឍន៍ ទី៥ ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងជម្លោះរវាងមហាអំណាច និងទី៦ ការប្រែប្រួលអាកាសធាតុជាដើម។

របាយការណ៍បានបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍នានាបានបង្ហាញនូវជំហរយល់ស្រប លើលទ្ធផលនៃការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងប្រសិទ្ធភាពនៃការអនុវត្តវិធានការ អន្តរាគមន៍ទាន់ពេលវេលា ព្រមទាំងសម្តែង នូវការសារទរចំពោះរាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣” ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងនិយម។

បន្ថែមពីនេះ ដៃគូអភិវឌ្ឍន៍ ក៏បានផ្តល់ធាតុចូលសំខាន់ៗ ដើម្បីចូលរួមគិតគូរលើការកំណត់ទិសដៅ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបាន កំណើនរឹងមាំដូចមុនពេលមានវិបត្តិ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជារួម។

វិស័យសំខាន់ៗ ដែលគួរតែជាវិស័យអាទិភាព សម្រាប់ការជំរុញចលនការសេដ្ឋកិច្ចកម្ពុជាទាំងក្នុង និងក្រោយបរិបទកូវីដ-១៩ រួមមាន វិស័យសុខាភិបាល វិស័យអប់រំ ការអភិវឌ្ឍជំនាញ ប្រព័ន្ធឡូជីស្ទីក ហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម វិស័យឌីជីថល ការអភិវឌ្ឍបៃតង និងប្រព័ន្ធគាំពារសង្គម ជាពិសេសការបន្តកែទម្រង់រដ្ឋបាលសាធារណៈ។

លោកវង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខា​ធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ពីដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផ្តល់នូវអនុសាសន៍ គោលនយោបាយសំខាន់ៗដែលរួមចំណែក ក្នុងការរៀបចំទិសដៅគោលនយោបាយអាទិភាព របស់កម្ពុជាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍន៍ប្រទេសទាំងក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here