ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីមកពីក្រសួងពាក់ព័ន្ឋចំនួនបី និងផ្នែកឯកជននានាបានរួមគ្នាក្នុងពិធីបើកយុទ្ឋនាការ “កម្ពុជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង”។
យុទ្ឋនាការនេះ មានការសហការពីក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនូវអនុសាសន៍មួយចំនួន ដូចជា ទី១ រួមគ្នាឱ្យយុទ្ធនាការ “កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” ក្លាយជាមធ្យោបាយផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាព។
ទី២ រួមគ្នាឱ្យយុទ្ធនាការ “កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” សម្រាប់គាំទ្ររបៀងទេសចរណ៍អាស៊ាន និងចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន។ ទី៣.រួមគ្នាឱ្យយុទ្ធនាការ “កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” ដើម្បីពង្រឹងភាពធន់កាន់តែប្រសើរ (Resiliency) នៃវិស័យទេសចរណ៍កម្ពុជា ទី៤ រួមគ្នាចូលរួមពង្រឹងយន្តការគាំទ្រដល់យុទ្ធនាការ “កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង”
បន្ថែមពីនេះ លោកថោង ខុនបានស្នើឱ្យទីតាំងដែលមានឧបនិស្ស័យទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជាអាទិ៍ ផ្សារ រោងភាពយន្ត, សារមន្ទីរ, វត្តអារាម, ទីតាំងសាសនា, ចំណតរថយន្តក្រុង និងព្រលានយន្ត..។ល។
បានប្រកាសដាក់ឱ្យអនុវត្តនូវនីតិវិធី ប្រតិបត្តិស្តង់ដារអប្បបរមាចំនួន៤ ដូចជា ទី១ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើប ទី២ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតតូច។ ទី៣ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារសាធារណៈ
និង ទី៤ នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារមិនរៀបរយ៕