ដោយៈសុខុម
គូឡាឡាំពួ: កំពូលមហាសេដ្ឋីមានទ្រព្យ ច្រើនបំផុតទាំង៥រូបនៅលើភពផែនដី បានជួបគ្រោះបង់ខាតធ្ងន់ធ្ងរបំផុតក្នុងខែមករា ដើមឆ្នាំ២០២២ ដោយខាតបង់ប្រាក់សរុប រហូតដល់ទៅ១០៨,៩ពាន់លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអង្គារ ទី០១ កុម្ភៈ ឱ្យដឹងថា ក្នុងខែមករា កន្លងទៅថ្មីៗនេះឱ្យដឹងថា ក្រុមមហាសេដ្ឋីប្រាក់ពាន់លាន (Billionaire) បានទទួលរងការខាតបង់ធ្ងន់ធ្ងរហៅមិនឮ នៅពេលអ្វីៗរាប់ចាប់ពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) រហូតដល់រូបិយប័ណ្ណឌីជីថល ព្រមទាំងហ្គេមអនឡាញបានដាំក្បាលយ៉ាងគំហុក។
ខែទី១ ដើមឆ្នាំ២០២២ ជាខែដែលមានហានិភ័យខ្ពស់ និងប្រែប្រួលខ្លាំងមិនអាចព្យាករដឹងមុន នៅពេលបណ្ដាវិនិយោគជ្រួលច្របល់ រឿងធនាគារកណ្ដាលអាមេរិក (Federal Reserve) ដំឡើងអត្រាការប្រាក់អំឡុងពេលមានអតិថរណាខ្ពស់ ការរីករាលដាលវីរុសកូវីដ-១៩ ការកើនឡើងភាពតានតឹងកាន់តែខ្លាំងឡើង ផ្នែកភូមិសាស្ត្រនយោបាយ និងផលប៉ះពាល់ រយៈពេលវែង ដែលកំពុងបន្តកើតមានពីវិបត្តិ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងពិភពលោក។
យោងតាមសន្ទស្សន៍មហាសេដ្ឋីប្រាក់ពាន់លាន Bloomberg Billionaires Index បង្ហាញថា ស្ដេចបច្ចេកវិទ្យា Elon Musk ដែលជាសហស្ថាបនិក ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានខាតបង់ប្រាក់រហូតដល់ទៅ ៥០ពាន់លានដុល្លារអាមមេរិក។ ទោះជាយ៉ាងណា លោកនៅតែអាចរក្សាបានតំណែងកំពូលរបស់ខ្លួន ជាមួយនឹងទ្រព្យសម្បត្តិសរុបដែលនៅសេសសល់ចំនួន២២០ពាន់លានដុល្លារអាមេរិក។
ចំណាត់ថ្នាក់លេខ២ បានទៅលើលោក Jeff Bezos មេក្រុមហ៊ុន Amazon ជាមួយនឹងការកាន់កាប់ទ្រព្យសម្បត្តិ សរុប១៦៩ពាន់លានដុល្លារអាមេរិក ក្រោយខាតបង់២៣,៤ពាន់លានដុល្លារអាមេរិក ក្នុងខែមករាកន្លងទៅ។
សន្ទស្សន៍មហាសេដ្ឋីពាន់លាន Bloomberg Billionaires Index គឺជាការដាក់ចំណាត់ថ្នាក់ប្រចាំថ្ងៃ នូវកំពូលមហាសេដ្ឋីទាំង៥០០រូបរបស់ពិភពលោក។ តួលេខទាំងនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើលទ្ធផលនៃការបិទការជួញដូរប្រចាំថ្ងៃ នៅក្នុងញូវយ៉ក សហរដ្ឋអាមេរិក៕ The Edge Markets៕