ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងភ្នំពេញ-សៀមរាប និងភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ តាមកាលវិភាគជារៀងរាល់ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។
ដោយឡែក កាលពីថ្ងៃទី២៦ ខែមករា ក្រុមហ៊ុន AirAsia បានចាប់ផ្តើមជើងហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងកូឡាឡាំពួរឡើងវិញផងដែរ។ ទន្ទឹមគ្នានេះដែរ ក្នុងខែមករាដើមឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏បានបន្ថែមជើងហោះហើររវាង ទីក្រុងភ្នំពេញ (PNH) និងទីក្រុងហូជីមិញ (HCM)។
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានចាប់ផ្តើមជើងហោះហើររបស់ពួកគេ មកកាន់ទីក្រុងភ្នំពេញ ហើយបានកំណត់ការហោះហើរ៤លើកក្នុងមួយសប្តាហ៍។ ឥឡូវនេះ ក្រុមហ៊ុនអាកាសចរណ៍នេះបានបន្ថែមជើងហោះហើរចំនួន៦ ទៀត សរុបគឺ១០ជើងក្នុងមួយសប្តាហ៍។
លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់កាសែតក្នុងស្រុកថា កាលវិភាគហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាបានបង្ហាញថា គិតត្រឹមចុងខែមករាឆ្នាំ ២០២២ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកប្រមាណ១០ កំពុងធ្វើប្រតិបត្តិការហោះហើរនៅកម្ពុជា ដោយមានក្រុមហ៊ុនខ្លះហោះហើរចន្លោះពី៣ ទៅ៤លើកក្នុង១សប្តាហ៍។
លោកបន្ថែមថា “ការហោះហើរឡើងវិញ ជាសញ្ញាណល្អសម្រាប់វិស័យអាកាសចរណ៍កម្ពុជា ដែលនឹងធ្វើឱ្យការហោះហើរមមាញឹក ជាបណ្តើរៗ ហើយអាចនឹងឈានទៅភាពប្រក្រតីវិញ នាពេលអនាគតដ៏ខ្លីខាងមុខ”៕