ដោយៈ សុផារី
បាត់ដំបងៈ ប្រទេសជប៉ុន គ្រោងដឹកនាំវិនិយោគិនជប៉ុនមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង ក្នុងកំឡុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីមកសិក្សាពីសក្តានុពល នៃសហគ្រាសធនតូច និងមធ្យម ជាពិសេសការវិនិយោគលើការធ្វើសូត្រ និងមួយទៀតគឺផ្តោតទៅលើគម្រោង ទីក្រុងឆ្លាតវៃនៅក្នុងខេត្តបាត់ដំបង។
លោក TAMURA Tsutomu នាយកសមាគមជប៉ុន-កម្ពុជា (JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO.,LTD ក្នុងជំនួបជាមួយលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង កាលនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២បានពិភាក្សាលើការងារនេះ ដោយបានសិក្សាអំពីការធ្វើសូត្រនៅក្នុងខេត្តបាត់ដំបង និងសិក្សាអំពីសក្ដានុពលក្នុងខេត្តបាត់ដំបង រួមមានផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ ដែលមិនទាន់មានការកែច្នៃ។
លោកTAMURA Tsutomu បានមានប្រសាសន៍ថា សមាគមជប៉ុនគ្រោងនឹងដឹកនាំអ្នកវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជា នឹងមកកាន់ខេត្តបាត់ដំបង ក្នុងកំឡុងខែ មេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីមកសិក្សាពីសក្តានុពលរបស់ខេត្ត ក៏ដូចជាវិស័យកសិកម្ម ផ្តោលើសហគ្រាសធនតូច និងមធ្យម ជាពិសេសការកាវិនិយោគលើការធ្វើសូត្រ នៅក្នុងខេត្តបាត់ដំបង និងមួយទៀតគឺផ្តោតទៅលើគម្រោងទីក្រុងឆ្លាតវៃ (Smart city)។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍ចំពោះលោក TAMURA Tsutomu នាយកសមាគមជប៉ុន-កម្ពុជា និងសហការី ដែលបានអញ្ជើញ មកទស្សនកិច្ចនៅខេត្តបាត់ដំបង និងបានសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តបាត់ដំបង ជាពិសេសទៅលើការកែច្នៃផលិតផលកសិកម្ម និងការចិញ្ចឹមដង្កូវនាងដើម្បីផលិតជាសូត្រ នៅក្នុងខេត្តបាត់ដំបង។
លោកក៏បានមានប្រសាន៍ថ្លែងអំណរគុណ និងសំណូមពរដល់លោកនាយកសមាគមជប៉ុន-កម្ពុជា(JCA) ជួយជំរុញផ្សព្វផ្សាយព័ត៌មានពីសក្តានុពលរបស់ខេត្តបាត់ដំបង ជូនទៅដល់បណ្តាអ្នកវិនិយោគទុន និងក្រុមហ៊ុនរបស់ជប៉ុន ឱ្យមកធ្វើការវិនិយោគនៅខេត្តបាត់ដំបង៕