ដោយ៖សុធារី
អង់គ្លេស៖ ក្រុមប្រទេសផលិតប្រេងឆៅ OPEC+ នឹងប្រកាន់ខ្ជាប់ទៅនឹងគោលនយោបាយដំឡើងទិន្នផលប្រេងរបស់ខ្លួន បើទោះជាខ្លួនរំពឹងថាតម្រូវការនឹងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយនៅឆ្នាំនេះក៏ដោយ និងខណៈដែលតម្លៃប្រេងត្រូវបានជួញដូរក្នុងតម្លៃខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០១៤ក្តី។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅក្នុងថ្ងៃទី០២ ខែកុម្ភៈនេះ បានឱ្យដឹងថា ក្រុមប្រទេសផលិតប្រេង OPEC+ ដែលមានសមាជិករបស់អង្គការ OPEC និងក្រុមប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដឹកនាំដោយប្រទេសរុស្ស៊ី និងផលិតប្រេងបានជាង ៤០% នៃការផ្គត់ផ្គង់ពិភពលោក។ ក្រុមប្រទេសទាំងនេះបានប្រឈមនឹងសម្ពាធពីប្រទេសប្រើប្រាស់ប្រេងធំៗ ដូចជាសហរដ្ឋអាមេរិក និងឥណ្ឌាជាដើម ឱ្យបង្កើនការបូមប្រេងបន្ថែមទៀត។
ប៉ុន្តែក្រុមប្រទេស OPEC+ បានបដិសេធបង្កើនការបូមប្រេងឱ្យច្រើនជាងផែនការបច្ចុប្បន្នរបស់ខ្លួន ដោយលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងកង្វះថាមពល ដោយសារប្រទេសប្រើប្រាស់ថាមពលគណនាមិនត្រឹមត្រូវចំពោះផ្លាស់ប្តូរថាមពលទៅរកឥន្ធនៈបៃតង។
ប្រទេសសមាជិកមួយចំនួនរបស់អង្គការ OPEC បានព្យាយាមបូមប្រេងបន្ថែមទៀតស្របតាមកូតារបស់ពួកគេ ដោយសារការវិនិយោគមិនគ្រប់គ្រាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេរំពឹងថា រដ្ឋមន្ត្រីក្រសួងថាមពលរបស់ក្រុមប្រទេសនេះនឹងឯកភាពគ្នាជាមួយនឹងផែនការដំឡើងទិន្នផលប្រេងចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដដែលសម្រាប់ខែមីនាខាងមុខ បើទោះជាតម្លៃប្រេងខ្ពស់ក៏ដោយ។
គណៈកម្មករបច្ចេកទេសរួម (JTC) បានរក្សារការព្យាករពីកំណើនតម្រូវការប្រេងពិភពលោកនៅដដែលសម្រាប់ឆ្នាំ២០២២ គឺ ៤,២លានប៉ារែលក្នុងមួយថ្ងៃ។
គណៈកម្មការ JTC រំពឹងថា តម្រូវការប្រេងនឹងកើនឡើងដល់កម្រិតមុនពេលមានការរាតត្បាតជំងឺនៅឆមាសទី២ ឆ្នាំនេះ។ តម្រូវការប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺជាង ១០០លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០១៩៕