ដោយ៖ សូរិយា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២នេះ បានចុះហត្ថលេខាលើសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។
សមាសភាពគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលនេះមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និង លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាអនុប្រធាន។
រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជា សេនាធិការបច្ចេកទេសមួយក្នុងចំណោមសេនាធិការបច្ចេកទេសទាំង ៣ នៅក្រោមក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន។ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឧ.) ដែលដឹកនាំ និងសម្របសម្រួលដោយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទីនិងភារកិច្ច សម្របសម្រួល ជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕