តំបន់សេដ្ឋកិច្ចពិសេសចំនួន៩កំពុងដំណើរការនៅក្នុងខេត្តស្វាយរៀង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្ដារាជធានី ខេត្តសំខាន់ៗដែលមានសក្ដានុពលក្នុងការវិនិយោគ ដើម្បីទាក់ទាញការវិនិយោគនានាពីបរទេសនិងក្នុងស្រុក។ ជាក់ស្ដែង គ្រាន់តែខេត្តស្វាយរៀងមួយមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១២ តែក្នុងនោះមាន៩កំពុងដំណើរការ។ នេះបើតាមលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងថ្លែងក្នុងសន្និសីទមួយកាលពីព្រឹកថ្ងៃទី៣ កុម្ភៈ ២០២២នេះ។

លោកបន្តថាក្នុងចំណោមតំបន់សេដ្ឋកិច្ចទាំង៩ ដែលកំពុងដំណើរការក្នុងខេត្តស្វាយរៀងមាន រោងចក្រសហគ្រាសកំពុងដំណើរការផលិតនូវទំនិញសម្រាប់បម្រើដល់ការនាំចេញចំនួន២៤០រោងចក្រ ដែលមានកម្មករសរុបចំនួនជាង៩២.៩០០នាក់ ដែលផ្ដល់ប្រាក់ចំណូលដោយផ្ទាល់សម្រាប់ផ្គត់ផ្គង់គ្រួសារនិងដោយប្រយោលជាច្រើនគ្រួសារទៀត។

លោកបន្ថែមថា ឃើញថា កម្មករទាំងជាង៩២.៩០០នាក់ អាចរកចំណូលបានពីការងារក្នុងរោងចក្រនោះជាង២១លានដុល្លារអាមេរិកក្នុងមួយខែ ដោយបច្ចុប្បន្ននេះ កម្មករម្នាក់ទទួលបានប្រាក់ខែយ៉ាងតិច២៣០ដុល្លារអាមេរិកដែរ ដោយក្នុងនោះប្រាក់ខែគោលអប្បរមាចំនួន១៩៤ដុល្លារអាមេរិកក្នុងមួយខែ តែមានប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ ប្រាក់ថ្លៃអាហារ ប្រាក់រង្វាន់លើកទឹកចិត្តការងារល្អ ប្រាក់លើកទឹកចិត្តបន្ថែមម៉ោង និងប្រាក់អតីតភាពការងារជាដើម។

លោកបន្ថែមទៀតថា កាលពីអំឡុងពេលនៃការរីករាលដាលនៃកូវីដ១៩ មានរោងចក្រចំនួន២៥រោងចក្របានព្យួរកិច្ចសន្យាការងារនិងធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិតសរុបជាង២ម៉ឺននាក់។ ប៉ុន្តែមកដល់ពេលនេះ រោងចក្រទាំងនោះបានបញ្ចប់កិច្ចសន្យាព្យួរការងារវិញអស់ហើយ ហើយកម្មករនិយោជិតទាំងនោះក៏បានចូលបម្រើការងារ ដើម្បីផលិតបំពេញដល់ការនាំចេញ តែនៅសល់តែមួយរោងចក្រប៉ុណ្ណោះ ដែលមានកម្មករជាង១០០នាក់មិនទាន់បញ្ចប់កិច្ចសន្យាព្យួរការងារ ដោយសារតែមិនមានតម្រូវការពីអ្នកបញ្ជាទិញ។

លោកមាក ឆវណ្ណារុន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងក៏បានឱ្យដឹងថា ទោះបីស្ថិតនៅក្នុងវិបត្តិបែបណាក្ដីក៏ការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែននានាក្នុងខេត្តស្វាយរៀងនៅតែប្រព្រឹត្តិទៅដោយរលូនដដែល និងបានសម្របសម្រួលដល់ការនាំចេញសម្រាប់ពាណិជ្ជករជាធម្មតាដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here