ពលរដ្ឋហុងកុងសម្រុកទិញផ្ទះនៅកោះតៃវ៉ាន់កាន់តែច្រើន ខណៈកោះនេះក្លាយជាជម្រើសតាំងលំនៅថ្មីដ៏ពេញនិយម

0

ដោយ សុខុម

ហុងកុង: ពលរដ្ឋហុងកុង កាន់តែច្រើនឡើងៗកំពុងសម្រុកទិញផ្ទះនៅកោះតៃវ៉ាន់ ដើម្បីតាំងលំនៅថ្មីនៅទីនោះ ហើយក្រុមអ្នកវិភាគមើលឃើញថា ទិន្នាការនេះនឹងជំរុញឱ្យតម្រូវការលំនៅដ្ឋានលើកោះស្វយ័តមួយនេះកើនឡើងខ្ពស់នៅប៉ុន្មានឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ នេះឱ្យដឹងថា ទិន្នន័យទទួលបានចុងក្រោយបង្ហាញថា ពលរដ្ឋហុងកុង មានចំនួនគ្របដណ្ដប់យ៉ាងហោចណាស់១ភាគ៣នៃលំនៅដ្ឋានដែលទិញដោយជនបរទេសក្នុងឆ្នាំ២០១៩ និង២០២០។

ទិន្នន័យផ្លូវការបង្ហាញថា ពលរដ្ឋហុងកុង ចំនួន២៧.៨៤៤នាក់ត្រូវបានរដ្ឋាភិបាលក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ អនុម័តឱ្យទទួលបានសិទ្ធិស្នាក់នៅពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដោយកើនលើសទ្វេដង បើធៀបនឹងចំនួន១២.២២០នាក់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។

លោក Sing Tien Foo សាស្ត្រាចារ្យ និងជានាយកវិទ្យាស្ថានសិក្សាអចលនវត្ថុ និងតំបន់ក្រុង (Institute of Real Estate and Urban Studies) នៃសកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) បានលើកឡើងថា “ពលរដ្ឋហុងកុង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាកន្លែងដ៏ពេញនិយមមួយសម្រាប់ការតាំងលំនៅថ្មីដោយសារមានភូមិសាស្ត្រនយោបាយនៅក្បែរគ្នា និងមានវប្បធម៌ស្រដៀងគ្នា”។

លោកបានបន្ថែមទៀតថា “ពលរដ្ឋហុងកុង នៅតែយល់ថា លំនៅដ្ឋាននៅកោះតៃវ៉ាន់ ជាពិសេសក្នុងបណ្ដាទីក្រុងលំដាប់ទី២ និងនៅភាគខាងត្បូង មានតម្លៃសមរម្យបើធៀបនឹងទីផ្សារលំនៅដ្ឋាននៅហុងកុង”។

ចាប់តាំងពីឆ្នាំ២០១៩ មកដែលជាពេលផ្ទុះបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុងហុងកុង ចំនួនពលរដ្ឋហុងកុង ដែលទិញផ្ទះនៅក្នុងប្រទេសនានាជុំវិញពិភពលោកដូចជាប្រទេសព័រទុយហ្គាល់ និងប្រទេសអង់គ្លេស ជាដើមបានកើនឡើងយ៉ាងគំហុក។

ការវិនិយោគលើអចលនទ្រព្យគឺជាមធ្យោបាយមួយគត់ដែលពលរដ្ឋហុងកុង អាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសផ្សេង ដោយផ្តល់ឱ្យពួកគេនូវជម្រើស ប្រសិនបើពួកគេសម្រេចចិត្តតាំងលំនៅថ្មី។

ជាឧទាហរណ៍ នៅប្រទេសអង់គ្លេស ដោយអនុវត្តតាមកម្មវិធីផ្ដល់សិទ្ធិជ្រកកោនឆាប់រហ័សសម្រាប់អ្នកដែលកាន់លិខិតឆ្លងដែនសញ្ជាតិអង់គ្លេស (ក្រៅប្រទេស) ពលរដ្ឋហុងកុង រហូតដល់ទៅ៣២២.៤០០នាក់ទំនងជានឹងទិញផ្ទះនៅទីនោះនៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអង់គ្លេស។

ដូចគ្នានឹងប្រទេសអង់គ្លេស ដែរ កោះតៃវ៉ាន់ ត្រូវគេទទួលស្គាល់ថាមានភាពរួសរាយរាក់ទាក់ និងអាណិតអាសូរចំពោះពលរដ្ឋហុងកុង ដែលកំពុងសម្លឹងរកឱកាសចាកចេញពីទីក្រុងហុងកុង បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសក្នុងទីក្រុងនេះកាលពីឆ្នាំ២០២០។

លោក Andrew Liu នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេរបស់តៃវ៉ាន់ Colliers Taiwan បានលើកឡើងថា “យោងតាមស្ថិតិរបស់រដ្ឋាភិបាល យើងកំពុងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនពលរដ្ឋហុងកុង ដែលផ្លាស់លំនៅដ្ឋានមកកាន់កោះតៃវ៉ាន់ ជាពិសេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ” ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអង់គ្លេស Savills ឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ក្រោយមានចលាចលក្នុងសង្គម ពលរដ្ឋហុងកុង បានទិញផ្ទះដែលគិតជាផ្ទៃសរុបដល់ទៅ១៥៨.៦១៤ម៉ែត្រការ៉េនៅកោះតៃវ៉ាន់ ស្មើនឹង៤១,២%នៃអចលនទ្រព្យសរុបដែលទិញដោយជនបរទេស។ ចំនួននេះកើនឡើងច្រើនជាង៣ដងបើធៀបនឹងផ្ទៃ៥២.៦០៧ម៉ែត្រការ៉េ ដែលពលរដ្ឋហុងកុង បានទិញក្នុងឆ្នាំ២០១៨។

ក្នុងឆ្នាំ២០២០ ដោយសារការរឹតបន្តឹងព្រំដែនយ៉ាងតឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលបានផ្អាកការអនុម័តលើការដាក់ពាក្យសុំទិដ្ឋាការថ្មីៗ បន្ទាប់ពីការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ ពលរដ្ឋហុងកុង អាចទិញបានអចលនទ្រព្យបានត្រឹមតែ៦០.៩១៣ម៉ែត្រការ៉េប៉ុណ្ណោះនៅកោះតៃវ៉ាន់ ប៉ុន្តែនៅតែមានចំនួនគ្របដណ្ដប់ច្រើនជាង១ភាគ៣នៃអចលនទ្រព្យសរុបដែលជនបរទេសបានទិញនៅលើកោះនេះ។

ទោះជាយ៉ាងណា មិនទាន់មានទិន្នន័យផ្លូវការសម្រាប់ឆ្នាំ២០២១ មិនទាន់មាននៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here