ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញបាននិយាយថា ទីផ្សារខុនដូនឹងមានការងើបឡើងវិញនៅឆ្នាំនេះ ដោយសារនិន្នាការពីការបញ្ជាទិញ របស់ប្រជាពលរដ្ឋក្នុងស្រុក។
អគ្គនាយកក្រុមហ៊ុនCentury21 Advanveលោកឡុង គឹមសួគ៌បានមានប្រសាសន៍៍ឲ្យដឹង តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី៤ មករានេះថា តម្រូវការខុនដូបាន និងកំពុងងើបឡើងក្នុងទីផ្សារ ស្របពេលចំនួនខុនដូបញ្ចប់ និងដាក់ចូលទីផ្សារបានកើនឡើងច្រើនផងដែរ។
លោកបន្តថា “ខុនដូមានតម្លៃចន្លោះពី៦ទៅ៧ម៉ឺន ជាផលិតផលមានការពេញនិយម និងទិញច្រើនពីសំណាក់ពលរដ្ឋក្នុងស្រុក ស្របពេលទីផ្សារជនបរទេស មិនទាន់ងើបឡើងខ្លាំងនៅឡើយទេ”។
លោកឡុង គឹមសួគ៌បានបន្តថា ជាមួយគ្នានេះ ទីផ្សារជួលមិនទាន់ងើបឡើងច្រើននៅឡើយផងដែរ ផ្ទះជួលតម្រូវការនៅមានកម្រិតផងដែរដោយសារក្រុមហ៊ុន ចាប់ផ្តើមអាជីវកម្មថ្មីមិនទាន់មានច្រើន ហើយក្រុមហ៊ុនអន្តរជាតិចូលមកនៅមានកម្រិត ប៉ុន្តែយើងរំពឹងចាប់ពីខែមេសាខាងមុខ ទីផ្សារនឹងងើបឡើងវិញច្រើន។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសារកម្រិតតម្រូវការខុនដូពីជនបរទេស នៅមានកម្រិត ព្រោះពួកគាត់មិនទាន់ចូលមកម្ពុជា បានធ្វើឲ្យអ្នកវិនិយោគខ្មែរ និងជនបរទេសងាកមក ចាប់យកចំណែកទីផ្សារក្នុងស្រុក ជាមួយនឹងខុនដូ ដែលមានតម្លៃចន្លោះពី១២០០ ទៅ១៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា “យ៉ាងណាយើងមានសុទិដ្ឋិនិយម លើទៅផ្សារនេះ ដោយតម្រូវការនឹងងើបឡើងវិញ ស្របពេលជនបរទេស នឹងចូលមកកម្ពុជាបណ្តើរៗ ហើយតម្រូវការក្នុងស្រុកនឹងកើនឡើង”។លោកបន្តថា “ជាមួយនឹងកំនើនតម្រូវការនេះ ការអភិវឌ្ឈនិងតម្លៃខុនដូ នឹងងើបឡើងព្រមគ្នាផងដែរនាឆ្នាំនេះ”៕