ក្រុមហ៊ុនជាង ៣០០ មកពី២៦ប្រទេស ចូលរួមពិព៌ណឧស្សាហកម្មម្ហូបអាហារនៅភ្នំពេញ

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ក្រុមហ៊ុនជាតិ អន្តរជាតិជាង ៣០០មកពីប្រទេសចំនួន២៦បានចូលរួមពិព៌ណម្ហូបអាហារ និងភេសជ្ជនៅកម្ពុជា ដែលបាននិងកំពុងរៀបចំឡើងនៅទីក្រុងកោះពេជ្រ​។

លោក Andrew Siow អគ្គនាយកក្រុមហ៊ុន AMB Tarus Events Group បានឲ្យ ដឹងក្នុងពិធីបើកពិព៌ណនាព្រឹកថ្ងៃទី១៩កញ្ញានេះថា ព្រឹត្តិការណ៍រៀបចំតាំងពិព័រណ៍លើវិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់វិស័យបដិសណ្ឋាកិច្ចលើកទី៦នេះ ទទួលបានការចូលរួមពីក្រុមហ៊ុនជាង៣០០ក្រុមហ៊ុន មកពី ២៦ប្រទេស រួមមានប្រទេសចិន បារាំង អ៊ីតាលី ហុងគ្រី ម៉ាឡេស៊ី តែវ៉ាន់ ថៃ សឹង្ហបុរី និងសហរដ្ឋអាមេរិកជាដើម។

លោកបន្តថា“ព្រឹត្តិការណ៍នេះជាការផ្តល់ឱកាសសម្រាប់ឧស្សាហកម្ម ក្នុងការស្វែងរកប្រភពថ្មីៗមកផ្គត់ផ្គង់បន្ថែម ជាមួយនឹងគំនិតច្នៃប្រឌិតប្លែកៗ ដើម្បីជាដំណោះស្រាយឈានទៅរកភាពជោគជ័យក្នុងវិស័យនេះ”។

​ ប្រធានសហព័ន្ធទេសចរកម្ពុជាលោកលូ ម៉េងបានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យម្ហូបអាហារនេះនៅកម្ពុជា កំពុងដើរឆ្ពោះទៅមុខប្រកបដោយភាពជោគជ័យ ជាក់ស្តែងនៅរាជធានីភ្នំពេញ ម្ចាស់ភោជនីយដ្ឋានជាង២ពាន់នាក់ទទួលបានពានរង្វាន់ ជាចុងភៅនិងប្រភេទអាហារដែលមានគុណភាព ក្នុងនោះប្រភេទអាហារដែលកំពុងបម្រើសេវាមានជាង៣០ប្រទេស ដើម្បីបម្រើដល់សេវាហូបចុក  ដែលជាផ្នែកមួយជួយជម្រុញ និងកំពុងពង្រីកវិស័យនេះប្រកបដោយសក្តានុពល ដើម្បីជម្រុញការទាក់ទាញកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្តថា “គុណភាពម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជាត្រូវបានពង្រឹង និងមាន​ភាពសម្បូរបែប ដោយភ្ញៀវទេសចរណ៍អាចកុំម៉ង់មុខម្ហូបប្លែកៗគ្នារយៈពេល១សប្តាហ៍បាន”។

រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកប៉ាក់ សុខុមបានថ្លែងថា វិស័យទេសច​រណ៍នៅកម្ពុជា អ្វីដែលធ្វើឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិមានការចាប់អារម្មណ៍ និងមានការកើនឡើងនោះ គឺកម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនបន្ថែមទៀត លើតំបន់ទេសចរណ៍វប្បធម៌នានា ដែលសុទ្ធសឹងជាកន្លែងទាក់ទាញ និងបានស្រូបយកសត្តានុពលភ្ញៀវទេសចរណ៍ ចូលមកទស្សនាកាន់តែច្រើនឡើងៗ និងមានគ្រប់ជនជាតិខុសៗគ្នាផងដែរ។

លោកបន្តថា ក្រៅពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍តំបន់ទេសចរនៅក្នុងស្រុក វិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្នែកបដិសណ្ឋាកិច្ច គឺជារឿងសំខាន់បំផុត សម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការជាអាហារ ឬផលិតផលដែលមានអនាម័យ និងមានគុណភាពខ្ពស់ ដើម្បីផ្តល់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here