ដោយៈ សុផារី
ប្រទេសថៃៈ ក្រសួងដឹកជញ្ជូនថៃ កំពុងដាក់ស្នើរកញ្ចប់ថវិកាចំនួន៤លានដុល្លាអាមេរិក ពីកញ្ចប់ថវិកាជាតិ ដើម្បីពិនិត្យលទ្ធភាពសិក្សា និងការរចនាប្លង់ស្ពានធំថ្មីមួយឆ្លងកាត់ទន្លេមេគង្គ ដែលមានតម្លៃជាង១២០លានដុល្លាអាមេរិក និងជាផ្នែកនៃជំហានទីបី នៃគម្រោងរថភ្លើងល្បឿនលឿនថៃ-ចិន។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Saksayam Chidchob បានមានប្រសាសន៍ប្រាប់សារព័ត៌មាន បាងកកបុស្តិ៍កាលពីថ្ងៃទី៥ ខេកុម្ភៈថា ស្ពានទីប្រាំពីរ ដែលតភ្ជាប់ទីក្រុងណង់ខាយ (Nong Khai) ជាមួយទីក្រុងវៀងច័ន្ទ ឬស្ពានមិត្តភាពថៃ-ឡាវទីពីរ ត្រូវបានរៀបចំឡើង ដើម្បីការដឹកជញ្ជូនទាំងផ្លូវដែក និងផ្លូវថ្នល់។
លោកបានបន្តថា នាយកដ្ឋានផ្លូវល្បឿនលឿន នៃក្រសួងសារធារណការ និងដឹកជញ្ជូន នឹងទទួលបន្ទុកលើការសិក្សាការរចនាប្លង់ ដែលត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយប្រាក់ប្រហែល៤លានដុល្លាអាមេរិក។
ចំណែក ការចំណាយលើការសាងសង់ស្ពាន និងបណ្តាញផ្លូវភ្ជាប់នានាត្រូវបានគេប៉ាន់ស្មានថា មានចំនួន៤ពាន់លានបាត ឬប្រហែល១២២លានដុល្លាអាមេរិក។ ការចំណាយទំនងជាត្រូវបានបែងចែក រវាងប្រទេសថៃ និងឡាវ ហើយបញ្ហានេះនឹងត្រូវបានពិភាក្សា ដោយគណៈកម្មាធិការចម្រុះថៃ-ឡាវ។
លោកបានបញ្ជាក់ថា គម្រោងសាងសង់ស្ពាន ត្រូវតែបញ្ចប់មុនដំណាក់កាលទីពីរ នៃគម្រោងរថភ្លើងល្បឿនលឿន បើកឱ្យដំណើរការនៅឆ្នាំ២០២៨។
គម្រោងរថភ្លើងល្បឿនលឿននេះ ត្រូវបានបែងចែកជាបីដំណាក់កាលគឺផ្នែកបាងកក-នគររាជសីមា (២៥៣គីឡូម៉ែត្រ) ផ្នែកនគររាជសីមា-ណង់ខៃ (៣៥៦គីឡូម៉ែត្រ) និងផ្នែកណងខៃ-វៀងចន្ទន៍(១៦គីឡូម៉ែត្រ)។
អគ្គនាយកនាយកដ្ឋានផ្លូវល្បឿនលឿន លោកSarawut Songsiwilai បាននិយាយថា នាយកដ្ឋាននឹងស្នើកញ្ចប់ថវិកាទៅក្រសួងនៅសប្តាហ៍ក្រោយ និងអាចដាក់ជូនគណៈរដ្ឋមន្ត្រីនៅចុងខែកុម្ភៈ។
លោកបន្តថា ការសិក្សាស្ពានថ្មី ដែលមានចម្ងាយ៥០ម៉ែត្រពីស្ពានមិត្តភាពថៃ-ឡាវ នឹងប្រើពេល១ឆ្នាំដើម្បីបញ្ចប់៕