ដំណឹងល្អ! មន្ទីរពេទ្យធំៗពីរនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែមីនាខាងមុខនេះ

0

ដោយៈ សុផារី

ត្បូងឃ្មុំៈ នៅខែមីនាខាងមុខនេះ មន្ទីរពេទ្យធំៗចំនួនពីរតម្លៃជិត៨០លានដុល្លារ ជាជំនួយរបស់ចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់។ មន្ទីរពេទ្យទាំងពីរនោះ គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

សម្តេចតេជោហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់  ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ប្រវែងប្រមា​ណ៩៣,៥៦គីឡូម៉ែត្រ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង៣៣លានដុល្លារអាមេរិក។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុងទីរួមខេត្តត្បូងឃ្មុំ នឹងត្រូវបើកសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃ៧ ខែមីនា ឆ្នាំ២០២២។ ចំណែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ នៅក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ខាងមុខបន្តបន្ទាប់។

តើតាមការបញ្ជាក់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី គម្រោងទាំងពីរនេះចំណាយទឹកប្រាក់ នៃការសាងសង់ប្រមាណ៨០លានដុល្លាអាមេរិក ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោបានមានប្រសាសន៍ថា “កូវីដ១៩ អាចនឹងសម្លាប់យើង និងអាចនឹងធ្វើឱ្យយើងយឺតយ៉ាវ ប៉ុន្តែកូវីដមិនអាចរារាំងដំណើរការអភិវឌ្ឍន៍របស់យើងបានដែរ។ ពិតមែនតែយើងលំបាក តែយើងជម្នះរួមគ្នាដើម្បីសម្រេចការអភិវឌ្ឍន៍របស់យើង”។

នាពេលថ្មីៗនេះ ក្រោមជំនួយរបស់ប្រទេសចិន កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងនានាជាច្រើន ដូចជាទី១ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែងជាង១គីឡូម៉ែត្ររវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ទី២  ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទី៣ កំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តក្រចេះ ប្រវែងប្រមាណ៩៣,៥៦គីឡូម៉ែត្រ ប្រមាណជាង៣៣លានដុល្លារអាមេរិក។

នៅដើមឆ្នាំ២០២២នេះ ក្រៅពីជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន កម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់ គម្រោងផ្លូវជាតិលេខ៤៨ ក្រោ​មជំនួយរបស់ប្រទេសកូរ៉េខាងត្បូង និងសម្ពោធគម្រោងផ្លូវជាតិលេខ៥ ស្ពានចំនួន៥នៅព្រៃវែង និងស្ពានចំនួន៧នៅខេត្តក្រចេះ ក្រោមជំនួយរបស់ប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here