វិស័យអចលនទ្រព្យរីកចម្រើនតែក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីក្នុងក្រសួងមានចំនួនតិចតួច

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ រហូតមកដល់បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា មានការរីកលូតលាស់ឱ្យកត់សម្គាល់ និងបានធ្វើឱ្យវិស័យនេះ រួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែខ្លាំង។

យ៉ាងណាក្ដី ទោះបីវិស័យនេះ មានកំណើនខ្ពស់តែក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីនៅក្នុងក្រសួង ឬស្ថាប័នសាម៉ីនៅតែមានចំនួនតិចតួចដដែល ។

យោងតាមរបាយការណ៍ របស់អគ្គនាយកនិយ័តករអចលនវត្ថុ និងបញ្ចាំបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២១នេះ ក្រសួងនិងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានផ្ដល់អាជ្ញាបណ្ណជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋានចំនួន២៨៧ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះបានចេញគម្រោ​ងវិនិយោគចំនួន៤០៨គម្រោង និងមានទុនវិនិយោគសរុបប្រមាណជាង៧ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមគម្រោងទាំងអស់ គម្រោងអភិវឌ្ឍដែលមានលក្ខណៈជាបុរីមានចំនយន២៣០គម្រោង គម្រោងអភិវឌ្ឍប្រភេទជាអគារសហកម្មសិទ្ធិមានចំនួន១៥២គម្រោង គម្រោងជាផ្សារមានចំនួន២គម្រោង គម្រោងជាដីឡូត៏មានចំនួន១គម្រោង និងគម្រោងចម្រុះមានចំនួន២៣គម្រោង។ ដោយឡែកលំនៅឋានប្រភេទផ្ទះល្វែង មានសរុបចំនួន៥២.១២៦ផ្ទះ លំនៅឋានប្រភេទវីឡា មានសរុបចំនួន១៣.៨៨៨វីឡា លំនៅឋានប្រភេទខុនដូ មានចំនួន១០៤.៩៧៥យូនីត តូបអាជីវកម្មមានចំនួន៨១២តូប និងដីឡូត៏មានចំនួន១៨៩ឡូត៏។ ដោយឡែក សម្រាប់រាជធានីភ្នំពេញមានគម្រោងអាជីវកម្មអភិវឌ្ឍន៍ដីឡូត៏ច្រើន ប៉ុន្តែគម្រោងអភិវឌ្ឍដីឡូត៏ទាំងនោះពុំបានស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនិយ័តករអចលវត្ថុនិងបញ្ចាំឡើយ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បាន ឱ្យដឹងថា ការមិនចុះបញ្ជីត្រឹមត្រូវក្នុងក្រសួង បែបនេះក៏ជាការរារាំងដល់ការអភិវឌ្ឍរបស់រដ្ឋមួយចំណែកផងដែរ។ ជាក់ស្ដែងនៅពេលដែលក្រុមហ៊ុនមិនចុះបញ្ជី ធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធ  ហើយនៅពេលចំណូលពន្ធបាត់បង់បែបនេះ ក៏ធ្វើឱ្យរាជរដ្ឋាភិបាលបាត់ចំណូល សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តថា​ “ហេតុដូច្នេះហើយ ទើបយើងមើលឃើញថាវិស័យឯកជនមានការរីកចម្រើនជាងរដ្ឋ ហើយនៅពេលដែលឯកជន ត្រូវការអភិវឌ្ឍន៍គម្រោងអ្វីមួយក៏ត្រូវតែ ប្រើថវិកាសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នោះដែរ”។

លោកប៉ូ អ៊ាវគង់បានបន្តថា ដើម្បីឱ្យការប្រកួតប្រជែងក្នុងវិស័យកាន់តែមានតម្លាភាព និងអាចប្រកួតប្រជែងជាមួយក្រុមហ៊ុន ក្នុងតំបន់អាស៊ាននិងពិភពលោកបាន អ្នកប្រកបវិស័យនេះ គួរស្វែងរកភាពស្របច្បាប់ ឱ្យបានកាន់តែច្រើន និងអាចជួយពង្រឹងសមត្ថភាព ដល់ធនធានមនុស្សក្នុងវិស័យនេះកាន់តែរឹងមាំដែរ ក្នុងពេលវិស័យអចលនទ្រព្យ កាន់តែរួមចំណែកខ្លាំងនៅក្នុងសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here