ដោយៈជេស៊ីកា
កំពង់ស្ពឺៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានថ្លែងថា ក្រុមហ៊ុនអន្តរជាតិធំៗចំនួន២ ដែលគ្រោងបោះទុន៥០០លានដុល្លារសាងសង់មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ នៅខេត្តនេះបានប្រមូលទិញដីបានរួចរាល់ហើយ។
លោកអភិបាលខេត្តបានមានប្រសាសន៍៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា គំរោងនេះនៅតែដំណើរការ មិនបានផ្អាកសកម្មភាពនោះទេ ដោយក្រុមហ៊ុនកំពុងរត់ការស្នើសុំអាជ្ញាប័ណ្ណ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលត្រូវការពេលវេលា និងនិតិវិធីការងារច្រើន និងចំណាយពេលយូរ។
លោកបន្តថា “ភាគីក្រុមហ៊ុនបានជម្រាបមកខ្ញុំរួចហើយ ពួកគេនៅតែបន្តគម្រោងនេះ ដែលវានឹងក្លាយជាមជ្ឈមណ្ឌលកំសាន្ត លំដាប់ទី១នៅកម្ពុជា និងស្របតាមស្តង់ដាអន្តរជាតិ”។ លោកបន្តថា “ក្រុមហ៊ុនកំពុងធ្វើការតាមនិតិវិធី ប៉ុន្តែការចាប់ផ្តើមការដ្ឋានសាងសង់ មិនទាន់បានដំណើរការនៅឡើយទេ”។
គម្រោងវិនិយោគ នេះនឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេសរួមមាន ចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។
គម្រោងវិនិយោគតំបន់ទេសចរណ៍សួនទឹកដ៏ធំ ពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារជាដើម។
លោកវ៉ី សំណាងបានបន្តថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុននឹងចំណាយទឹកប្រាក់ចំនួន២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង១០០ហិកតា។ មកទល់ពេលនេះ គម្រោងវិនិយោគដ៏ធំនេះ យើងបានពិនិត្យ និងវាយតម្លៃរួចហើយ៕