ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយប្រកាសបើកលក់ហ្រ្វេនឆាយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក Lux Realty បានបើកដំណើរការអាជីវកម្ម Franchise ដំបូងរបស់ខ្លួន នៅក្នុងទីក្រុងឆ្នេរសមុទ្រព្រះសីហនុ ជាមួយនឹងការពង្រីកតំបន់បន្ថែមទៀត ដែលជាគន្លឹះនៃផែនការកំណើនរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Lux Realty ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយលោក Crispin Kirby ដែលបានចាប់ផ្តើមអាជីពអចលនទ្រព្យនៅកម្ពុជានៅ South East Asian Property Services (SEAPS)។ បន្ទាប់មកគាត់ បានក្លាយជានាយកប្រតិបត្តិផ្នែកលក់នៅ LZ Seaview Residences ក្នុងក្រុងព្រះសីហនុ ដែលជាការអភិវឌ្ឍន៍ដ៏ជោគជ័យមួយនៅក្នុងទីក្រុងជាប់មាត់សមុទ្រ ដែលមានការរីកចម្រើនយ៉ាងលឿននេះ។

យោងតាមក្រុមហ៊ុន Lux Realty ក្រុមហ៊ុនសម្រេចបានការលក់ជិត ៤លានដុល្លារ ចាប់តាំងពីការបង្កើតរបស់ខ្លួន។

លោក Kirby បានប្រាប់មានប្រសាសន៍ឱ្យដឹងថា លទ្ធផលនេះសម្រេ​ចបាន ដោយការផ្តោតលើការអភិវឌ្ឍន៍ថ្មីៗ ជាញឹកញាប់លើទីតាំងមិនសូវពេញនិយម និងជៀសវាងទីផ្សារជួលដែលមិនសូវចំណេញច្រើន។

ក្រុមហ៊ុន Lux បានចុះហត្ថលេខាលក់ហ្រ្វេនឆាយរបស់ខ្លួន នៅឆ្នាំនេះ ដែលមានតម្លៃ៥ម៉ឺនដុល្លារអាមេរិក ដោយផ្តល់ជូននូវភាពផ្តាច់មុខក្នុងតំបន់ក្នុងខេត្តព្រះសីហនុ ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ការចូលទៅកាន់ CRM របស់ក្រុមហ៊ុន និងការចូលទៅកាន់បណ្តាញអតិថិជនដ៏ធំរបស់ក្រុមហ៊ុន និងអត្ថប្រយោជន៍ផ្សេងទៀត។

លោក Kirby មានប្រសាសន៍ថា “ខណៈពេលកូវីដ១៩ បានរីករាលដាលខ្លាំង ធ្វើឱ្យមានផលប៉ះពាល់ដ៏អាក្រក់ មកលើសេដ្ឋកិច្ចកម្ពុជា តាមទស្សនវិស័យអចលនទ្រព្យ វាក៏បានបង្កើតទីផ្សារ អ្នកទិញមួយឱ្យកើតឡើងផងដែរ”។

លោក Kirby បានបន្ថែមថា “បច្ចុប្បន្នយើងជោគជ័យលើការិយា​ល័យចំនួនពីរ ក្រោមការដឹកនាំនិងគ្រប់គ្រងដ៏ល្អ ប៉ុន្តែការស្វែងរកបុគ្គលិកល្អដែលអាចទុកចិត្តបានគឺពិបាកណាស់”។ លោកបន្តថា “នេះបាននាំឱ្យយើងដើរលើផ្លូវនៃសិទ្ធិអាជីវកម្ម។ ខ្ញុំជឿថា សម្រាប់អ្នកដែលមានថវិកាផ្ទាល់ខ្លួននិងចាប់អារម្មណ៍វិនិយោគលើវិស័យនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជាផ្នែកមួយ ធ្វើឱ្យក្រុមហ៊ុនរីកចម្រើនលឿនជាងមុនផងដែរ”។

ក្រុមហ៊ុននឹងកំពុងស្វែងរកដៃគូ សហការក្នុងប្រទេសកម្ពុជា ហើយមានដៃគូសហការរួចហើយ នៅប្រទេសថៃហើយ គ្រោងពង្រីកទៅកាន់ទីផ្សារសក្តានុពលផ្សេងទៀតនៅក្នុងតំបន់។

កន្លងមក គំរូអាជីវកម្ម Franchise ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាបាន និងកំពុងពង្រីកដោយក្រុមហ៊ុន Franchiseល្បីៗមួយចំនួនរួមមាន Century 21 Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុន Century 21 Real Estate LLC ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង Keller Williams Realty Inc (KW) ជាដើម។ នេះជាការបន្ថែមទៅលើសាខានៃក្រុមហ៊ុនសេវាកម្មអចលនទ្រព្យសកល និងក្រុមហ៊ុនវិនិយោគ CBRE Group Inc និង Knight Frank LLP នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here