ខេត្តចិន Zhejiang អនុម័តសាងសង់រោងចក្រថាមពលអគ្គិសនីថ្មីដើរដោយធ្យូងថ្មតម្លៃរាប់ពាន់លានដុល្លារ

0

ដោយៈសុខុម

សៀងហៃ: ចឺជាំង (Zhejiang) ដែលជាខេត្តជាប់ឆ្នេរសមុទ្រនាភាគខាងកើតនៃប្រទេសចិន បានអនុម័តការសាងសង់គម្រោងរោងចក្រថាម​ពលអគ្គិសនីថ្មី ដើរដោយធ្យូងថ្មតម្លៃ១,១០ពាន់លានដុល្លារអាមេរិក ដែលមានសមត្ថភាព ផលិតអគ្គិសនីបាន២ជីហ្គាវ៉ាត់ (GW)។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៩ កុម្ភៈ។

ក្រុមហ៊ុន Zhejiang Energy Group ដែលទទួលបន្ទុកគម្រោងនេះបានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី៨ កុម្ភៈ ថា គម្រោងរោងចក្រ Phase 2 Project of the Liuheng Power Plant នេះនឹងជួយធ្វើឱ្យមានតុល្យ​ភាពនូវការផ្គត់ផ្គង់ និងតម្រូវការថាមពលអគ្គិសនីក្នុងខេត្តនេះ។

ក្រុមហ៊ុននេះនិយាយថា គម្រោងថ្មីនេះក៏នឹងជួយដល់ខេត្តចឺជាំង នៅក្នុងការកាត់បន្ថយការបំភាយកាបូន ចូលទៅក្នុងបរិយាកាសផងដែរ តាមរយៈការបង្កើនប្រសិទ្ធភាពផលិតថាមពល ជាមួយនឹងអត្រាធ្យូងថ្ម២៥៤ក្រា​មផលិតអគ្គិសនីបានមួយគីឡូវ៉ាត់ម៉ោង (kWh) បើធៀបនឹងអត្រាជាមធ្យម៣០២,៥ក្រាមក្នុងមួយគីឡូវ៉ាត់ម៉ោងនៅទូទាំងប្រទេស។

ប្រទេសចិន បាននិងកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយសារការបន្តអនុម័តគម្រោងរោងចក្រអគ្គិសនីថ្មីៗដើរដោយធ្យូងថ្ម។

ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានថ្លែងកាលពីឆ្នាំមុនថា ប្រទេ​សចិន ដែលជាប្រភពបញ្ចេញឧស្ម័នផ្ទះ កញ្ចក់ធំបំផុតរបស់ពិភពលោក នឹងមិនកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម រហូតដល់ក្រោយឆ្នាំ២០២៥។

ទន្ទឹមនេះក្រុមអ្នកសិក្សាស្រាវជ្រាវ មកពីក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ចិន State Grid Corporation of China (SGCC) រំពឹងថា នឹងសាងសង់រោងចក្រថ្មីៗដើរដោយធ្យូងថ្ម ដែលមានសមត្ថភាពផលិតអគ្គិសនី១៥០ជីហ្គាវ៉ាត់ (GW) បន្ថែមទៀ តក្នុងរយៈពេលគិតពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលធ្វើឱ្យសមត្ថភាពផលិតសរុប ឈានដល់១.២៣០ជីហ្គាវ៉ាត់ (GW)៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here