ដោយៈ សុផារី
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានតម្រូវឱ្យរាល់ ការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ដែលជាប្រភេទអគារសហកម្មសិទ្ធិ ឬលំនៅឋាន ដែលទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ ពីអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវដាក់ប្រាក់តម្គល់ ដើម្បីធានាដល់ការអភិវឌ្ឍ និងស្របតាមច្បាប់របស់ប្រទេសកម្ពុជា។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បញ្ជាក់ថា អ្នកអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មចំនួន២ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ ទៅតាមវិធីសាស្រ្តណាមួយដូចខាងក្រោម៖
ក. តម្កល់ជាសាច់ប្រាក់ក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា ឬនៅធនាគារពាណិជ្ជក្នុងស្រុកណាមួយ។
ខ. លិខិតធានាពីធនាគារពាណិជ្ជក្នុងស្រុកណាមួយ ដែលមានតម្លៃស្មើ។
ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិអាចដកវិញបានលុះត្រា តែគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិនោះសាងសង់បានចាប់ពី៧០% ភាគរយឡើង ឬចប់ជាស្ថាពរដោយមានលិខិតបិទការដ្ឋានសាងសង់ និងលិខិតបញ្ជាក់គុណភាពសំណង់ ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ។
ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិមានច្រើនដំណាក់កាល ឬអ្នកអភិវឌ្ឍមាន គម្រោងថ្មីមួយផ្សេងទៀត ប្រាក់តម្កល់ធានាអាជីវកម្មនេះ អាចធ្វើការផ្ទេរពីមួយដំណាក់កាល ទៅមួយដំណាក់កាល ឬពីមួយគម្រោងទៅមួយគម្រោងទៀតបាន បន្ទាប់ពីដំណាក់កាលមុន ឬតម្រោងមុនសាងសង់បាន៥០%ឡើង។
ប៉ុន្តែចំនួនទឹកប្រាក់តម្កល់នោះ អាចមានការប្រែប្រួលទៅតាមទំហំជាក់ស្តែងនៃការវិនិយោគរបស់គម្រោង ឬដំណាក់កាលបន្ទាប់។ ដោយឡែក ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍ អាចដកវិញបានលុះត្រាតែអ្នកអភិវឌ្ឍ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុជូនអ្នកទិញទៅតាមកិច្ចសន្យា និង/ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរ។
ចំណែក ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ មានចំនួន៥% នៃតម្លៃជីវិនិយោគសរុប ឬតម្លៃវិនិយោតតាមដំណាក់កាលនីមួយៗ។
ប្រាក់តម្កល់ធានាអាជីវកម្មអភិវឌ្ឍដីឡូត៍ អាចដកវិញបានលុះត្រាតែគម្រោងនោះ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ រួមទាំងការផ្ទេរកម្មសិទ្ធិអចលនវត្ថុជូនអ្នកទិញទៅតាមកិច្ចសន្យា និង/ ឬក្រោយពីមានការចុះវាយតម្លៃជាក់ស្ដែងពីមន្ត្រីជំនាញរបស់នាយកដ្ឋានឬមន្ទីរ៕