ដោយៈវឌ្ឍនៈ
ភ្នំពេញៈ យោងតាមការិយាល័យឥណទានកម្ពុជា (CBC) ចេញផ្សាយកាលពីដើមសប្ដាហ៍នេះឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២១កន្លងទៅ កម្ចីអចលនទ្រព្យបានកើនឡើងដល់ ៦,៤ពាន់លានដុល្លារអាមេរិក ដែលទំហំនេះ បានកើនពីជាង៥ពាន់លានដុល្លារអាមេរិក ក្នុងដំណាច់ឆ្នាំ២០២០។
របាយការណ៍ដដែលបានបង្ហាញថា កម្ចីភាគច្រើនដែលផ្ដល់ទៅវិស័យអចលនទ្រព្យកម្ពុជា គឺផ្ដោតលើការទិញលំនៅឋាន ហើយកំណើននៃការផ្ដល់កម្ចីក្នុងវិស័យនេះ បានបង្ហាញពីទំនុកចិត្តរបស់គ្រឹះស្ថាន ធនាគារទៅលើវិស័យអចលនទ្រព្យកាន់ខ្លាំង និងបង្ហាញថាវិស័យអចលនទ្រព្យកាន់តែមានភាពរឹងមាំ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញថា ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឹកូវីដ១៩ក្ដី ក៏ការទិញលក់អចលនទ្រព្យ នៅតេមានភាពរឹងមាំ ហើយធនាគារនៅតែបន្តផ្ដល់កម្ចី សម្រាប់ទិញអចលនទ្រព្យ ជាពិសេសនោះ គឺកម្ចីក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅ និងបង់សងត្របល់ទៅវិញជាប្រចាំខែ។ យ៉ាងណាក្ដី ទីផ្សារលំនៅឋានក៏មើលឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ហើយទីផ្សារនេះក៏ឃើញថា លក់ច្រើនទៅលើប្រភេទលំនៅឋានតម្លៃសមរម្យ ។
លោកឡុង គឹមសួរ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property បានឱ្យដឹងថា ថ្វីត្បិតតែតម្រូវការលំនៅឋាន មានការថមថយបន្តិចក៏ពិត តែការទិញលក់លំនៅឋាន ក្នុងប្រទេសកម្ពុជានៅតែមើលឃើញថា បន្តមានសកម្មភាពហើយ អ្នកទិញសាងសង់នៅតែបន្តសាងសង់ជាបន្តបន្ទាប់ដែរ គ្រាន់តែម្ចាស់អភិវឌ្ឍន៍ខ្លះ បានបរិមាណផ្ទះក្នុងគម្រោងនីមួយៗ ពីព្រោះថា អតិថិជនដែលត្រូវការទិញផ្ទះ សម្រាប់ស្នាក់នៅក៏បានរងផលប៉ះពាល់លើប្រាក់ចំណូលរបស់ខ្លួនដែរ ។
លោកបន្តថា មានក្រុមហ៊ុនជាច្រើនទៀត បន្តអភិវឌ្ឍន៍លំនៅឋានក្នុងគម្រោងរបស់ខ្លួន ដោយរំពឹងពីការងើបឡើងវិញ នៃតម្រូវការនៅឆ្នាំក្រោយៗបន្ទាប់ពីវិបត្តិបានបញ្ចប់ទៅវិញ។ ប៉ុន្តែយ៉ាងណាក្ដីការសង់ផ្ទះ ដែលមិនស្ថិតនៅតំបន់ដែលមានសក្ដានុពល មិនមានហេដ្ឋារចនាសម្ព័ន្ធ ត្រឹមត្រូវក៏មនទទួលបានការគាំទ្រពីអតិថិជន ក្នុងប្រទេសកម្ពុជាផងដែរ ។
របាយការណ៍របស់ក្រុមហ៊ុន អចលនអចលនទ្រព្យអន្តរជាតិធំមួយ CBRE បានបង្ហាញថា ចំនួន៥០ភាគរយ នៃគម្រោងសាងសង់ក្នុងឆ្នាំ២០២១ គឺផ្ដោតលើគម្រោងលំនៅឋាន ដែលមានន័យថាការអភិវឌ្ឍលំនៅឋានក្នុងវិបត្តិ មិនមានការអាក់ខានខ្លាំងនោះទេ៕