ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាដំណឹងដ៏ល្អមួយ ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងឲ្យដឹងថា សហព័ន្ធសន្តិភាពពិភពលោក និងក្រុមប្រឹក្សាវប្បធម៌អាស៊ី កំពុងរៀបចំសួនសន្តិភាពមេគង្គនៅកម្ពុជា។
សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងកិច្ចប្រជុំកំពពូលពិភពលោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូលពិភពលោក នៅសាធារណៈរដ្ឋកូរ៉េនាព្រឹកថ្ងៃទី១១ កុម្ភៈនេះ ដោយបានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការរៀបចំឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។ ស ម្តេចតេជោបានបន្តថា មេដឹកនាំទាំងអស់ដែលមានវត្តមាន ក្នុងកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ គឺជាវត្តមានដ៏សំខាន់ ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ជាភាពចាំបាច់ណាស់សម្រាប់មេដឹកនាំពិភពលោក ក្នុងការចែករំលែកទស្សនៈ សម្រាប់ស្វែងរកសន្តិភាពឧបទ្វីបកូរ៉េ”។ សម្តេចតេជោក៏បានលើកពីបទពិសោធន៍ ពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាថា គេមិនអាចយកសង្គ្រាមទៅពន្លត់សង្គ្រាមបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្នុងនាមជាមេដឹកនាំរបស់កម្ពុជា សម្តេចមិនដែលគិតថា យកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ”។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា អង្គការសហប្រជាជាតិប្រើថវិកាជាង២ពាន់លានដុល្លារ តែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជាបាននោះឡើយ ជាហេតុនាំឱ្យសម្តេចដាក់ចេញនយោបាយឈ្នះឈ្នះ។ សម្តេចតេជោបានបន្តថា សន្តិភាពដែលកម្ពុជារកបាននៅចុងឆ្នាំ១៩៩៨ ជាសន្តិភាព ជាការឯកភាពមួយរបស់កម្ពុជា ដែលមិនដែលមានឡើយ ក្នុងប្រវត្តិសាស្ត្រកម្ពុជាយ៉ាងហោចណាស់ ៥០០ឆ្នាំចុងក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះឧបទ្វីបកូរ៉េ គឺជារឿងដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការដាក់ចេញនូវទស្សនៈវិស័យ គំនិតនានា ដើម្បីបញ្ចប់ជម្លោះនេះ៕