រដ្ឋាភិបាលចិនបន្ធូរបន្ថយលក្ខខ័ណ្ឌដើម្បីសង្រ្គោះវិស័យអចលនទ្រព្យរបស់ខ្លួនឡើងវិញ

0

ដោយៈសុខុម

ហុងកុង: រដ្ឋាភិបាលរបស់មហាយក្សចិន បានចេញចំណាត់ការបន្ធូរបន្ថយដោយអនុញ្ញាត ឱ្យបណ្ដាក្រុមហ៊ុនអចលនទ្រព្យ ប្រើប្រាស់លុយបានពីការលក់ Presale (លក់មុនគម្រោងបញ្ចប់) ពីគម្រោងលំនៅដ្ឋាននានាដើម្បីសម្រាលវិបត្តិសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Cailianshe បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈ ថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន ត្រូវបានអនុញ្ញាត ឱ្យលក់គម្រោងមុនពេលគម្រោងបញ្ចប់ (Presale) ប៉ុន្តែត្រូវបានតម្រូវឱ្យទុកលុយទាំងនោះ ក្នុងគណនីរក្សាទុកដោយភាគីទី៣ (Escrow Account)។ ប្រាក់ដែលរក្សាទុកក្នុងគណនីបែបនេះ ត្រូវមានចំនួនស្មើនឹង៥០%ទៅ៧០នៃប្រាក់បានពី Presale របស់ក្រុមហ៊ុនអភិវឌ្ឍន៍។

ក្នុងឆ្នាំ២០២១ ចំពេលមានការភ័យខ្លាចថា បញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សរបស់ចិន China Evergrande Group នឹងរីករាលដាលពាសពេញ វិស័យអចលនទ្រព្យក្នុងប្រទេសចិន រដ្ឋបាលខេត្ត ក្រុងនានារបស់ចិនជាច្រើន បានចាត់វិធានការទប់ស្កាត់ មិនឱ្យមានការដកលុយចេញពីគណនី Escrow Account ឡើយ ហើយចំណុចនេះបានធ្វើ ឱ្យគម្រោងមួយចំនួនជាប់គាំងកណ្ដាលទី ហើយក្រុមហ៊ុនអភិវឌ្ឍន៍នានាក៏ខ្វះសាច់ប្រាក់។

គេហទំព័រព័ត៌មានហិរញ្ញវត្ថុ Cailianshe បានចុះផ្សាយថា ពេលនេះវិធានការទប់ស្កាត់ មិនឱ្យដកប្រាក់ពីគណនី Escrow Account ត្រូវបានបន្ធូរបន្ថយហើយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានា ដកប្រាក់បានច្រើន និងងាយស្រួលជាងមុន។

វិស័យអចលនទ្រព្យក្នុងប្រទេសចិន បានទទួលរងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ប៊ិះនឹងក្ស័យធន ដោយសារជួបវិបត្តិសាច់ប្រាក់ និងគ្មានលុយសងបំណុល។

ដោយធ្លាប់តែជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលលក់គម្រោងដាច់ជាងគេនៅប្រទេសចិន ពេលនេះវាបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងបំណុលសរុបរហូតដល់ទៅ៣០០ពាន់លានដុល្លារអាមេរិក៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here