តើគម្រោងអភិវឌ្ឍន៍លំនៅឋានក្នុងខេត្តកំពតវិវិត្តដល់ណានៅដើមឆ្នាំ២០២២នេះ?

0

ដោយៈសុផារី

កំពតៈ ខេត្តកំពតបានស្គាល់ពីភាពរីកចម្រើន ក្នុងវិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដើមឆ្នាំ២០២២នេះ អ្នកជំនាញមើលឃើញថា សកម្មភាពសាងសង់លំនៅឋាន នៅក្នុងខេត្តមួយនេះភាគច្រើន នៅបន្តវិវត្តក្នុងល្បឿនយឺតៗ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate និងជាអ្នកជំនាញអចលនទ្រព្យមួយរូបក្នុងខេត្តកំពត បានមានប្រសាសន៍ឲឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១១ កុម្ភៈនេះថា បុរីមួយចំនួនតូច នៅក្នុងខេត្តកំពតបានផ្អាកដំណើរការ ដោយសារផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ចំណែកបុរីមួយចំនួនទៀត បានបន្ថយល្បឿន តែមិនបានផ្អាកដំណើរការឬបោះបង់ចោលនោះទេ ដោយសារបញ្ហាកូវីដ១៩បានរាំងស្ទះដំណើរការមួយចំនួនធំ។

លោកបន្តថា “មិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយ អំពីការបោះបង់គម្រោងអភិវឌ្ឍន៍នោះទេ គ្រាន់តែមានគម្រោងមួយចំនួនបានផ្អាកដំណើរការបណ្តោះអាសន្ន មិនលឿនដូចផែនការដែលបានគ្រោងទុក”។

តម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពត ភាគច្រើននិយមលំនៅឋាន ដែលអាចធ្វើអាជីវកម្មបាន។ ប្រសិនបើបុរីដែលសាងសង់នៅក្នុងក្រុងឬជុំវិញក្រុងកំពត ជាប្រភេទលំនៅឋាន ដែលអាចលក់បាន។

យ៉ាងណាក្តី ប្រសិនបើគម្រោងលំនៅឋានមានចម្ងាយឆ្ងាយ លើសពី៥ គីឡូម៉ែត្រ មិនសូវនិយមសម្រាប់ប្រជាជនក្នុងខេត្តកំពតនោះទេ។

លោកCooler Tanបានមានប្រសាសន៍ថា “សម្រាប់គម្រោង៥ទៅ១០គីឡូម៉ែត្រពីក្រុង ខ្ញុំគិតថាអ្នកកំពតទិញគឺតិចណាស់។ អ្នកដែលទិញភាគច្រើន គឺអតិថិជនមកពីក្រុងភ្នំពេញ។ គោលដៅរបស់គាត់គឺមិនមែនសម្រាប់ប្រកបអាជីវកម្មនោះទេ គ្រាន់តែចង់ស្នាក់នៅទេ ព្រោះខេត្តកំពតជាខេត្តទេសចរណ៍គោលដៅ”។

លោកសង្កេតឃើញថា ប្រជាពលរដ្ឋពីក្រុងភ្នំពេញខ្លះ ធ្វើដំណើរទៅកាន់ខេត្តកំពតញឹកញាប់ណាស់ អាចច្រើនជាង៣ដងក្នុងមួយខែ ឬច្រើនជាងនេះ។ លោកថា ប្រសិនបើ គាត់ចូលចិត្តខេត្តនេះ គាត់អាចទៅញឹកញាប់  ហើយស្នាក់នៅខាងក្រៅ នោះការចំណាយរបស់គាត់ច្រើន ពួកគាត់អាចមានចំណាប់អារម្មណ៍ក្នុងការទិញផ្ទះផ្ទាល់ខ្លួន។

ចំណែកលោកសុខ គែន ជាអគ្គនាយកក្រុមហ៊ុន Kampot Property បានឱ្យដឹងតាមបណ្តាញតេឡេក្រាម នៅថ្ងៃដដែលថា គម្រោងលំនៅឋានដែលមានស្រាប់នៅក្នុងខេត្តកំពត កំពុងបន្តដំណើរការ ដោយគម្រោងអភិវឌ្ឍន៍ខ្លះលឿន ខ្លះយឺត ភាគច្រើនមានភាពយឺតយ៉ាវ។

លោកមានប្រសាសន៍ថា “ការងារអភិវឌ្ឍន៍យឺតយ៉ាវ ដោយសារការសាងសង់ មិនត្រូវនឹងតម្រូវការជាក់លាក់។ ភាគច្រើន គម្រោងដែលអាចលក់ចេញបានជាគម្រោងលំនៅឋាន សម្រាប់ប្រជាជនមានចំណូលក្រោមមធ្យម មានតម្លៃក្រោម៥ម៉ឺនដុល្លារអាមេរិក”។

បច្ចុប្បន្ននេះ លោកសង្គេតឃើញថា គម្រោងលំនៅឋានដែលដើរយឺតជាគម្រោងដែលមានតម្លៃថ្លៃ ចាប់ពី៧ម៉ឺនដុល្លារអាមេរិកឡើងទៅ។ អញ្ចឹងតម្រូវការសម្រាប់អ្នកមានលទ្ធភាពបង់ ទោះបីរំលោះក្តី ទោះបីបង់ផ្តាច់ក្តី ក៏មានអតិថិជនចំនួនតិច។

យ៉ាងណាក្តីលោកសង្គេតឃើញថា នៅក្នុងដើមឆ្នាំ២០២២នេះ មិនមានកំណើនថ្មី នៃគម្រោងលំនៅឋាន នៅក្នុងខេត្តកំពតនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here