ការសិក្សាថ្មីៈការផ្គត់ផ្គង់លំនៅឋានជាន់ផ្ទាល់ដីមានចំនួនជាង៥០គម្រោងក្នុងឆ្នាំ២០២២

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយប្រចាំកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់លំនៅឋានជាន់ផ្ទាល់ដី រំពឹងថានឹងមានចំនួនជាង៥០គម្រោងទៅកាន់ទីផ្សារ ខណៈអ្នកជំនាញក៏រំពឹងថាគម្រោងលំនៅឋាននៅកម្ពុជា នឹងមានសកម្មភាពឡើងវិញ ហើយតម្រូវការនឹងមានកាន់តែច្រើន។

តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនCBRE Cambodia បានបង្ហា​ញថា ការផ្គត់ផ្គត់គម្រោងលំនៅឋានជាផ្ទះជាប់ដី មានកម្រិតខ្ពស់ចំនួន២គម្រោង គម្រោងមធ្យមមាន៣០គម្រោង និងគម្រោងតម្លៃសមរម្យមាន២០គម្រោង ។ ដើមឆ្នាំ២០២២ផងដែរបានរំពឹងថា ក្រុមហ៊ុន៤សំខាន់ៗនៅកម្ពុជានឹងបន្តផ្គត់ផ្គង់លំនៅឋាន ដើម្បីបំពេញតម្រូវការ រួមមាន បុរីប៉េងហួត នៅជ្រោយចង្វា បុរីជីបម៉ុងផាកលែនដ៍នៅមានជ័យ បុរីភ្នំពេញថ្មី អេលីតផាក នៅសែនសុខ និងបុរីវ៉ារីណា នៅសែនសុខ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodiaបានឱ្យដឹងថា គម្រោងលំនៅឋានភាគច្រើន នៅក្នុងប្រទេសកម្ពុជាឆ្នាំ២០២២នេះ នៅតែរំពឹងថា ក្រោមការវិនិយោគរបស់វិនិយោគិន ក្នុងស្រុក ហើយលំនៅឋានដែលមានការច្នៃប្រឌិតថ្មីៗ នៅតែទទួលបានការគាំទ្រខ្ពស់ពីអ្នកទិញក្នុងប្រទេសកម្ពុជា។

 

ជាមួយគ្នានេះ លោកអ៉ឹង ប៊ុនហួត ប្រធានផ្នែកលក់គម្រោងរបស់ក្រុមហ៊ុនPIXUI Property បានឱ្យដឹងថា ផ្ទះដែលមានការធ្វើបច្ចុប្បន្នភាពថ្មី នឹងនៅតែមានការគាំទ្រ ហើយជឿថាអតិថិជនជាច្រើន នឹងស្វែងរកលំនៅឋាន ដែលមានការរចនារូបរាងថ្មី ជាពិសេសទៅលើផ្ទះវីឡា។ ផ្ទះប្រភេទថ្មីៗ ទោះបីនៅតំបន់ជាយក្រុង ក៏នៅតែទទួលបានការគាំទ្រ និងមានការទិញលក់ជាបន្តបន្ទាប់។ ម្យ៉ាងទៀតលក្ខខណ្ឌបង់ប្រាក់របស់ម្ចាស់បុរី និងការគាំទ្ររបស់ធនាគារ ទៅលើកម្ចីសម្រាប់ទិញផ្ទះ ក៏បានធ្វើឱ្យប្រជាពលរដ្ឋមានបំណងទិញផ្ទះកាន់តែច្រើន អាចមានលទ្ធភាពក្នុងការទិញផ្ទះ សម្រាប់ស្នាក់នៅ។

តាមរបាយការណ៍របស់ធនាគារជាតិ ក៏បានបង្ហាញផងដែរថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ វិស័យធនាគារនិងហិរញ្ញវត្ថុ នៅតែបន្តផ្ដល់កម្ចីសម្រា​ប់ទិញផ្ទះច្រើនផងដែរ ក្នុងគិតត្រឹមដំណាច់ឆ្នាំ២០២១កន្លងទៅ ការផ្ដល់កម្ចីសម្រាប់ទិញផ្ទះ មានជាង៥ពាន់លានដុល្លារអាមេរិក ខណៈកម្ចីទិញអចលនទ្រព្យទាំងមូល បានកើនឡើងដល់ជាង៦,៤ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះបានបង្ហាញ ពីទំនុកចិត្តរបស់ធនាគារទៅលើវិស័យអច​លនទ្រព្យក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here