រោងចក្រផលិតសំបកកង់យានយន្ត២វិនិយោគទឹកប្រាក់៦០០លានដុល្លារនឹងជំរុញទីផ្សារកៅស៊ូកម្ពុជា

0

ដោយៈលក្ខិណា

ភ្នំពេញៈ រោងចក្រផលិតសំបកកង់យានយន្តចំនួន២ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត ឱ្យដំណើរការវិនិយោគក្នុងប្រទេសកម្ពុជា ដោយរោងចក្រមួយមានទីតាំងនៅខេត្តស្វាយរៀង និងមួយទៀតមានទីតាំងនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបជាង៦០០លានដុល្លារអាមេរិក។

តាមរយៈរោងចក្រផលិតសំបកកង់យានយន្តទាំងពីរនេះ នឹងជំរុញទីផ្សារជ័រកៅស៊ូកម្ពុជា ឱ្យមានទីផ្សារល្អប្រសើរឡើងវិញ ជាពិសេសនឹងជួយដល់អ្នកដាំដុះកៅស៊ូនៅកម្ពុជាផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វត្តមានរោងចក្រផលិតសំបកកង់យានយន្តទាំងពីរនេះ មានសារៈសំខាន់ណាស់សម្រាប់ទីផ្សារកៅស៊ូ ទាំងក្រុមហ៊ុន និងអ្នករកស៊ីបែបគ្រួសារក្នុងវិស័យដំណាំកៅស៊ូ ព្រោះវាបានបង្កើតឱ្យទីផ្សារក្នុងស្រុក។ កំណើនរោងចក្រផលិត សំបកកង់យានយន្តកើតឡើងជាបន្តបន្ទាប់ គឺជាក្តីសង្ឃឹមរបស់អ្នកដាំកៅស៊ូ ដែលយើងសង្ឃឹមថា ចាប់ពេលនេះតទៅ យើងមិនសូវជាបារម្ភ នៅពេលដែលជាប់គាំងកៅស៊ូ។

លោកបន្តថា ពីមុនទីផ្សារជ័រកៅស៊ូភាគច្រើន អាស្រ័យលើទីផ្សារបរទេស និងទីផ្សារប្រទេសជិតខាងយើងនេះឯង ហើយបើសិនមានការជាប់គាំង  ឬគេអត់ទិញផលិតផលយើង វាធ្វើឱ្យចរន្តកៅស៊ូ និងសាច់ប្រាក់ ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន និងគ្រួសារនេះ វាធ្វើឱ្យមានការរាំងស្ទះ”។លោកឧញ៉ាបានបន្តថា “នេះគឺជាចំណុចសំខាន់ដែលយើងចង់បាន។ ចាប់ពីពេលនេះតទៅ យើងមានអ្នកទិញកៅស៊ូក្នុងស្រុក ដែលធ្វើឱ្យវិស័យកៅស៊ូ និងសាច់ប្រាក់មានចរន្ត ទន្ទឹមនឹងច្បាប់វិនិយោគថ្មីរបស់យើង ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នេះ គឺបានលើកលែងនូវពន្ធអាករបន្ថែម១០ភាគរយ ដែលផ្គត់ផ្គង់នៅក្នុងស្រុកដល់រោងចក្រ”។

សហគ្រាសផលិតសម្រាប់ការនាំចេញនេះ។ វាគឺជាការលើកទឹកចិត្តមួយទៀត ដែលទំនាក់ទំនងទំនិញ និងវត្ថុធាតុដើមអាចផ្គត់ផ្គង់ឱ្យរោងចក្រ សហគ្រាស ដែលផលិតសម្រាប់ការនាំចេញដោយរួចអាករបន្ថែម។

លោកខេង សៀវឡាំង ម្ចាស់ចំការកៅស៊ូនៅខេត្តរតនគីរី បានថ្លែងប្រាប់តាមទូរសព្ទឱ្យដឹងថា វាជារឿងល្អប្រសើរ សម្រាប់វត្តមានរោងចក្រផលិតសំបកកង់យានយន្តទាំងនេះនៅកម្ពុជា ដែលអាចធ្វើឱ្យតម្រូវការកៅស៊ូនៅកម្ពុជានឹងមានសន្ទុះ ហើយលោកសង្ឃឹមថារោងចក្រទាំងនេះ នឹងមានតម្រូវការ និងទិញកៅស៊ីពីកសិករដាំដុះ លក្ខណៈគ្រួសារកាន់តែច្រើនផងដែរ។

លោកបន្តថា “បច្ចុប្បន្ននេះទិន្នផលជ័រកៅស៊ូ ដែលកសិករផលិតបានគឺនាំចេញទៅវៀតណាមស្ទើរតែទាំងអស់ ពីព្រោះពួកយើងមិនមានការកែច្នៃសម្រាប់នាំចេញទៅប្រទេសធំៗនោះទេ ពោលគឺនាំចេញកៅស៊ូស្អុយឬកៅស៊ូឆៅតែម្ដង ដោយតម្លៃកៅស៊ូក្នុងឆ្នាំ២០២២នេះឃើញថា មានស្ថិរភាពល្អប្រសើរ ថ្លៃជាងកាលពីឆ្នាំមុន”៕

ក្នុងមួយតោនកៅស៊ូឆៅអាចលក់បានចន្លោះពីជិត២លាន៨សែនដល់ទៅជាង៣លានរៀល ហើយបច្ចុប្បន្ននេះ លោកក៏កំពុងស្វែងរកដីសម្រាប់ដាំដុះបន្ថែមទៀតផងដែរ ក្នុងពេលមានដំណឹងថា មានរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងស្រុក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here