ដោយ: សុផារី
ភ្នំពេញ: ការរឹតត្បិតការធ្វើដំណើររបស់ជនជាតិបរទេស និងទោះបីជាមានការបើកប្រទេសឡើងវិញពីរដ្ឋាភិបាល កាលពីដើមខែវិច្ឆិកាក្តី ទីផ្សារជួលអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន បានទទួលរងផលប៉ះពាល់។
យ៉ាងណាក្តី អ្នកជំនាញមើលឃើញថា ក្នុងឆ្នាំ២០២២នេះទីផ្សារជួលចាប់ផ្ដើមមានពន្លឺឡើងវិញដោយផ្នែកៗហើយ។
លោកស្រី តាំង ហួរ អគ្គនាយិកា ក្រុមហ៊ុនអចលទ្រព្យ Amatak បានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា នៅឆ្នាំ២០២១កន្លងមក សម្រាប់ការជួលអចលនទ្រព្យប្រភេទឃ្លាំង លំនៅឋាន និងដីនៅកណ្ដាលក្រុង មានការផ្អាក មិនសូវមានការជួលច្រើននោះឡើយ ប៉ុន្តែចូលក្នុងឆ្នាំ២០២២ លោកស្រីមើលឃើញថា ការជួលមានកំណើនឡើងវិញ ទោះបីមិនមានកំណើនច្រើន ប៉ុន្តែទីផ្សារនេះបានត្រឡប់មកវិញហើយ។
លោកស្រីបន្តថា “សម្រាប់ការជួលធ្វើអាជីវកម្ម បើកភោជនីយដ្ឋាន ឬអាជីវកម្មនានា ចាប់ផ្ដើមមានកំណើនឡើងវិញ។ ចំណែកប្រភេទ office space មិនសូវមានអ្នកសួររកជួលទេ។ អតិថិជនភាគច្រើនតែងតែសួររកជួលប្រភេទផ្ទះ ឃ្លាំង ឬដីក្នុងក្រុង សម្រាប់ជួលធ្វើអាជីវកម្ម”។
លោកស្រីបានបង្ហាញសុទិដ្ឋិនិយម ចំពោះទីផ្សារជួលអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ដោយអះអាងថា អ្វីៗបាននិងកំពុងប្រសើរជាងឆ្នាំ២០២១។
រីឯលោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍នាពេលថ្មីៗនេះថា សម្រាប់រយៈពេល១ខែដើមឆ្នាំ២០២២ កន្លងមក លោកមើលឃើញថាមានកម្លាំងចលករ ដែលជំរុញឲ្យទីផ្សារជួល ចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានកំណើនល្អប្រសើរជាងឆ្នាំ២០២១បន្តិច។
បើតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យរូបនេះ កន្លងមកក្នុងឆ្នាំ២០២១ ទីផ្សារនេះមានការធ្លាក់ចុះប្រមាណ៥ភាគរយ ធៀបនឹងឆ្នាំ២០២០។
លោកបន្តថា យ៉ាងណាក្តី ក្នុងឆ្នាំ២០២២ សម្រាប់ការជួលអាផាតមិន ទោះបីមានកំណើន តែនៅមិនទាន់ខ្ពស់ណាស់ណាទេ ដោយសារទីផ្សារនេះពាក់ព័ន្ធជាមួយនឹងជនជាតិបរទេស ដែលពាក់ព័ន្ធនឹងការធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា។
ចំណែកទីផ្សារជួលសម្រាប់ផ្ទះល្វែង Shop House ផ្ទះបានអាជីវកម្មនានា ដែលភាគច្រើនពាក់ព័ន្ធនឹងអាជីវកម្ម ក្នុងស្រុកបានចាប់ផ្ដើមពង្រឹងឡើងវិញហើយ ហើយលោកមើលឃើញកំណើនល្អ ប្រសើរបណ្ដើរៗឡើងវិញផងដែរ៕