ក្រុងសំខាន់ៗចំនួនបី ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់ ADB ស្របតាមផែនការរបស់រដ្ឋាភិបាល

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ការផ្តល់ជំនួយ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រក​បដោយចីរភាព របស់់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងដើរស្របគ្នា នឹងផែនការអភិវឌ្ឈន៍រយៈពេលវែងរបស់រដ្ឋាភិបាល។

នៅក្នុងផែនការយុទ្ធសាស្ត្រ នៃភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជា ADB បានផ្តោតលើតំបន់ ស្ថិតនៅតាមច្រករបៀងភាគខាងត្បូង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ (Greater Mekong Sub region) ដែលរួមមានក្រុងបាវិត កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និងប៉ោយប៉ែត គឺជាច្រកចូលទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ហើយទីក្រុងកំពង់ផែកំពត បានក្លាយជាគោលដៅទេសចរណ៍។

នៅក្រុងបាវិត និងប៉ោយប៉ែត គម្រោងជំនួយ ADB នឹងគាំទ្រដល់ការស្តារប្រឡាយ ដែលមានស្រាប់ និង ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី និងកន្លែងចាក់សំរាម។

នៅក្រុង កំពតគម្រោងជំនួយនេះ នឹងពង្រីកបណ្តាញលូទឹកស្អុយ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការ ផ្តល់សេវាកម្មគ្រប់គ្រាន់។

គម្រោងនេះក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូ​លដោយរដ្ឋបាលក្រុង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំង លើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិ ដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវនឹង រួមបញ្ចូលកំណែទម្រង់ពន្ធគយ ដើម្បីចំណាយលើប្រតិបត្តិការ និងការថែទាំទីក្រុង និងផែនការដើម្បីធានា បាននូវការផ្តល់សេវាប្រកប​ដោ​យប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យឯកជន។

គម្រោងថ្មីរបស់ ADB នេះ នឹងត្រូវបានគាំទ្រ ដោយជំនួយបច្ចេកទេស ចំនួន២លានដុល្លារ ពីមូលនិធិជប៉ុនសម្រា ប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេក ទេសនេះនឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើ ឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដីក៏ដូចជាសមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។

ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការសម្របសម្រួលជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ។

ក្នុងគោលដៅជម្រុញការអភិវឌ្ឍន៍ដោយចីរភាព កាលពីពេលថ្មីៗនេះ ADB បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន៣នៅកម្ពុជា ធ្វើឱ្យប្រសើរនូវហេដ្ឋា រចនាសម្ព័ន្ធទីក្រុង និង បង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីពេលថ្មីៗនេះ។

គម្រោងនេះនឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និងលើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ដោ​យសារអនាម័យមិនល្អ។ វាក៏នឹងជួយអជ្ញាធរក្រុង ទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។

ជាមួយនឹងផែនការអភិវឌ្ឈន៍កញ្ចប់ជំនួយនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញ នូវផែនការអភិវឌ្ឈន៍រយៈពេលវែង សម្រាប់ទីក្រុងទាំងបីនេះផងដែរ ដោយរដ្ឋាភិបាលបានដាក់បញ្ចូលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុងបាវិត ខេត្តស្វាយរៀង ទៅក្នុងគោល​​នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីអភិវឌ្ឈន៍ទីក្រុងនេះ ជាទីក្រុងសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីសម្រូលការដឹកជញ្ជូន។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ​តែងតែចាត់ទុកតំបន់ឆ្នេរ “ជាក្បាលនាគ” សម្រាប់ជំរុញសេដ្ឋកិច្ច តាមរយៈសក្តានុពលមានស្រាប់នៅតំបន់នេះ ដោយសម្តេចបានចាត់ទុកតំបន់ឆ្នេរ “ជាតារារះនាទិសនារតី”ផងដែរ។

សម្តេចតេជោ ក៏បានបង្ហើបកាលពីពេលថ្មីៗនេះផងដែរ ពីផែនការរៀបចំប្រព័ន្ឋចម្រោះទឹកស្អាត នៅខេត្តកំពតនាពេលខាងមុខផងដែរ ដើម្បីកុំឲ្យមានផលប៉ះពាល់បរិស្ថាននាពេលអនាគត ពិសេសទប់ស្កាត់ការបង្ហូរទឹក​កខ្វក់ចូលក្នុងសមុទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here