ខណ្ឌដង្កោកា​​​ន់តែទាក់ទាញលំហូរទុនក្នុងស្រុកលើការអភិវឌ្ឈន៍លំនៅដ្ឋាន

0

ដោយៈគង់់ សូរិយា

ភ្នំពេញៈ បុរីជាច្រើនបានលេចឡើងនៅក្នុងទឹកដីខ័ណ្ឌដង្កោ ដែលតំបន់ភាគច្រើនធ្លាប់ជាវាលស្រែល្វឹងល្វើយ ទឹកលិចនៅរដូវវស្សាពេលនេះបានជំនួសវិញ ដោយបុរីលំនៅដ្ឋានព្រោងព្រាត ដែលភាគច្រើនជាលំនៅ ដ្ឋានតម្លៃ មធ្យម និងបុរីលំដាប់អភិជនបានចាប់ផ្តើមបណ្តើរៗ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ាឈាង រ័ត្ននិងលោកជំទាវស្រី អូន និងសហភាគហ៊ុនិកដទៃទៀត បានបោះទុនវិនិយោគរហូតដល់៧៧លានដុល្លារអាមេរិក ដើម្បីសាងសង់បុរីថ្មីមួយ ស្ថិតនៅលើផ្ទៃដីជាង២០ហិកតា នៅក្នុងខ័ណ្ឌកំពុងមានភាពរីកចម្រើននេះ។

បុរីបុស្បា ជាបុរីលំដាប់អភិជនដំបូងគេ លេចវត្តមាននៅលើទឹកដីខ័ណ្ឌ​ដង្កោ ដែលបាននិងកំពុងវិនិយោគ ដោយលោកឧកញ៉ាឈាង រ័ត្ន។ បុរីនេះបាននិងកំពុងផ្តល់ទស្សនទាន នៃការរស់នៅតាមបែបសម័យថ្មី ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ លំនៅដ្ឋាននិមួយៗត្រូវបានរចនាឡើងសមស្របនឹងលក្ខខ័ណ្ឌអាកាសធាតុ និងរៀបចំសួនលំហែរបៃតង ដែលជាការផ្សារភ្ជាប់លំនៅដ្ឋានជាមួយធម្មជាតិ ផ្សារភ្ជាប់ជីវិតជាមួយនឹងផាសុខភាពនៃបរិស្ថាន និងដើមឈើខៀវស្រងាត់។

យោងតាមរបាយការណ៍សិក្សា ទីតាំងភូមិសាស្រ្តនៅភាគខាងត្បូង រាជធានីភ្នំពេញរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅក្នុងពេលអនាគតដ៏ខ្លី​ ដីធ្លី​ដែលមានតម្លៃទាប រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ នឹងទាក់ទាញវិនិយោគិនជាច្រើន មកអភិវឌ្ឍន៍គម្រោងលំនៅឋាន​​ជាបន្តបន្ទាប់​នៅភាគខាងត្បូង។​ បច្ចុប្បន្ន គម្រោង R&F City Mansion ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ គឺជាគម្រោងអភិវឌ្ឍលំនៅឋានធំជាង ដែលក្នុងនោះមានគម្រោងអភិវឌ្ឍពាណិជ្ជកម្ម និងលំនៅឋាន ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ៧.៧ហិកតា​ ដោយផ្ទៃសាងសង់មានទំហំ៥៦០.០០០ ម៉ែត្រការ៉េ​។

របាយការណ៍របស់ CBRE បានលើកឡើងថា គម្រោ​ងលំនៅឋាន ក្នុងតំបន់ភាគខាងត្បូង នឹងកើនឡើងច្រើនថែមទៀត ដោយសារតម្លៃដីធ្លីក្នុងតំបន់នោះនៅទាបនៅឡើយ។ គម្រោងលំនៅឋាន ដែលស្ថិតនៅក្នុង​ខណ្ឌដង្កោ ខណ្ឌមានជ័យ​ ស្រុកកណ្តាលស្ទឹង​ និ​ងក្រុងតាខ្មៅ រហូតមកដល់ពេលនេះបានបញ្ចប់ការសាងសង់ចំនួន៥៤​គម្រោង ខណៈដែលគម្រោង​ចំនួន៣០ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ។​​

តំបន់ស្ថិតនៅក្នុងខ័ណ្ឌដង្កោ មានភាពអំណោយផលច្រើនលើការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយសារហេតុផលជាច្រើនរួមមាន ទី១ មានប្រជាជនរស់នៅច្រើន ទី២ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋមានភាពងាយស្រួល ព្រោះជាតំបន់ថ្មី ទី៣ ជាតំបន់ងាយស្រួលក្នុងការភ្ជាប់ ជាមួយបណ្តាញគម​នាគមន៍ ដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here