ក្រសួងពាណិជ្ជកម្មចុះបញ្ជីរដូងខ្ទិះជាផលិតផលសម្គាល់ភូមិសាស្រ្តនៅឆ្នាំនេះ

0

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅចុងឆ្នាំ២០២២ខាងមុខ ក្រសួងគ្រោងនឹងចុះបញ្ជី “ដូងខ្ទិះបាត់ដំបង”ជាម៉ាកសមូហភាព ដើម្បីក្លាយជាទំនិញសំគាល់ភូមិ​សាស្រ្ត ខណៈដែលបច្ចុប្បន្នក្រសួងបានកំពុងសិក្សា និងចងក្រងឯកសារ។

លោកសួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខា​ធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយ​កដ្ឋានកម្មសិទ្ធិបញ្ញា បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ កុម្ភៈនេះថា គោលបំណង ក្នុងការជ្រើសរើសយកដូងខ្ទិះបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីម៉ាកសមូសហភាព គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ របស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដើម្បីកសាងជាម៉ូដែលអាជីវកម្មថ្មីមួយ ក្នុងការទាញប្រយោជន៍សក្តានុពលរបស់ខេត្ត។

លោកបន្តថា លោករដ្ឋមន្រ្តីចង់ជំរុញផលិតកម្មកសិកម្ម ទៅជាកសិពាណិជ្ជកម្ម ដែលអាចផ្គត់ផ្គង់បរិមាណច្រើន ក៏ដូចជា ការកែច្នៃតំបន់ផលិ​តកម្មដាំដុះ ទៅជាគោលដៅទេសចរណ៍បែបកសិទេសចរណ៍ ដើម្បីបង្កើនការងារ និងចំណូលបន្ថែមដល់ប្រជាពលរដ្ឋ ស្របតាមគោលដៅយុទ្ធសា ស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា អត្ថប្រយោជន៍នៃការកសាងម៉ាក សមូហភាពដូងខ្ទិះបាត់ដំបង នឹងរួមចំណែកកែប្រែផលិតផល ដូងខ្ទិះបាត់ដំបង ពីផលិតផ​លសាមញ្ញ ទៅជាផលិតផលមួយ ដែលតំណាងរបស់កម្ពុជានៅបរទេសងាយស្រួលផ្សព្វផ្សាយ ក្នុងពិព័រណ៍ពាណិជ្ជកម្ម និងប្រើប្រាស់បង្ហាញក្នុងការទូតម្ហូបអាហារ ដើម្បីផ្សារភ្ជាប់ជាមួយវប្បធម៌ម្ហូបអាហារ របស់ប្រជាជនកម្ពុជា។

ផលិតផលដូងខ្ទិះនេះ អាចប្រើជាធាតុផ្សំយ៉ាងពិសេសសម្រាប់មុខម្ហូប និងបង្អែមដទៃទៀត ហើយតាមរយៈការបង្ហាញមុខម្ហូប ដែលប្រើប្រាស់គ្រឿងផ្សំដូងខ្ទិះបាត់ដំបង នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះម៉ាកសមូហភាព កាន់តែល្បីរន្ទឺដែលអាចទាក់ទាញចំណាប់អារម្មណ៍ ពីគ្រប់ជាតិសាសន៍ឱ្យចង់ស្គាល់ និងចង់ភ្លក់រស់ជាតិ។

លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានឲ្យដឹងផងដែរថា ដូងខ្ទិះបាត់ដំបង មានអាយុកាលដ៏យូរលង់ណាស់មកហើយ ដែលភាគច្រើនសំបូរក្នុងស្រុកចំនួន៣ ដូចជា ស្រុកឯកភ្នំ បាណន់ និងស្រុកសង្កែ។ ដូងនេះមានចំនួនសរុបមានចំនួន៥០០ដើមតែប៉ុណ្ណោះ។

លោកបានរៀបរាប់ថា ដូងខ្ទិះនេះ មានសាច់ក្រាស់ និងមានខ្ទិះក្នុងនឹងស្រាប់ ហើយមានទឹកតិចៗ។ ការទទួលទានដូងនេះ គេហូបជាមួយលុកឈិត ត្រសក់ស្រូវ និងគ្រាប់ជីជាដើម ដោយកោសដាក់តែម្តង ពោលមិនមែនពូតយកតែខ្ទិះនោះទេ។

លោកឲ្យដឹងទៀតថា ដូងខ្ទិះ ជាដូងដែលគេដាំក្នុងភូមិ មិនមែនជាចំការទេ ដោយផ្ទះខ្លះមានចំនួនតែ៣ ឬ១០ដើម និងរហូតដល់៣០ដើម ក៏មានដែរ។ ដោយឡែក រយៈពេលប្រមូលផល គឺពី៤ទៅ៦ខែ ហើយក្នុង១ធ្លាយមានតែ២ទៅ៣ផ្លែប៉ុណ្ណោះ។ រីឯតម្លៃលក់នៅតាមទីផ្សារចន្លោះ២៥ ០០០ ដល់៣៥,០០០រៀលក្នុង១ធ្លាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here