ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ផែនការរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមណ្ឌលគីរី នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០២២នេះ ប៉ុន្តែដោយសារតែស្ថានភាពកូវីដ១៩ បានអូសបន្លាយធ្វើឱ្យគម្រោងផែនការនេះមានការប្រែប្រួល និងពន្យារពេលអភិវឌ្ឍន៍ ដោយមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ។
លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលនៅរសៀលថ្ងៃទី១៥ កុម្ភៈ ២០២២កន្លងមកថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមណ្ឌលគីរី នៅតែមានផែនការអភិវឌ្ឍន៍ដដែល ដោយមិនមានការលុបចោលនោះទេ គ្រាន់តែគម្រោងនេះ ត្រូវពន្យារពេលមួយរយៈធំ ដោយមិនទាន់កំណត់ពេលវេលាច្បាស់លាស់ថា នឹងចាប់ផ្ដើមអនុវត្តន៍នៅពេលណានោះទេ។
លោកបន្តថា “បញ្ហាកូវីដ១៩ បានធ្វើឱ្យគម្រោងនេះត្រូវពន្យា ហើយការពន្យារនេះ យើងក៏មិនអាចបញ្ជាក់បានថា វានឹងអាចចាប់ផ្ដើមបាននៅពេលណានោះទេ”។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ក្នុងស្ថានភាពនេះ អ្នកជំនាញការណ៍មកពីចិនដែលត្រូវចុះ មកកវាយតម្លៃផលប៉ះពាល់ និងការចំណាយមិនអាចចុះមកកម្ពុជាបាននោះទេ ដូចយើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ននេះកូវីដ១៩ប្រភេទ អូមីក្រុងកំពុងមានការរាលដាល នៅលើពិភពលោករួមទាំងកម្ពុជាផងដែរ។ មេរោគនេះដែរ ក៏បានបង្កផលប៉ះពាល់ដល់វិស័យអាកាសចរកម្ពុជាជាថ្មី។ រាប់ចាប់តាំងពីខែវិច្ឆិកា គឺគ្រាដែលរដ្ឋាភិបាលចាប់ផ្ដើមបើកទូលាយលើវិស័យអាកាសចរ ឃើញថាអ្នកដំណើរបរទេសចូលមកច្រើន និងមានសន្ទុះមួយប្រាវ តែក្រោយពេលរកឃើញមេរោគកូវីដ១៩ប្រភេទអូមីក្រុង អ្នកដំណើរចូលមកបានធ្លាក់ចុះបន្តិច ហើយក៏បាននៅទ្រឹងមកទល់ពេលនេះ ។
លោកបន្ថែម ថ្វីត្បិតតែគម្រោងអភិវឌ្ឍន៍ ព្រលានយន្តហោះមណ្ឌលគីរីបានពន្យារក្ដី សម្រាប់គម្រោងព្រលានយន្តហោះពីរផ្សេងទៀត ដែលកំពុងសាងសង់ គឺព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះ អន្តរជាតិតេជោ ក្រុងតាខ្មៅ នៅតែបន្តសកម្មភាព ដោយមិនមានការផ្អាកឬពន្យារពេលឡើយ ក្នុងគោលដៅបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣ខាងមុខនេះ។
លោកវុត្ថាបានបន្តថា យ៉ាងណាយើងក៏ព្រួយបារម្ភ ចំពោះការឆ្លងមេរោគនេះ ចូលទៅក្នុងការដ្ឋានសំណង់ផងដែរ បើសិនជាឆ្លងគឺមានទ្រង់ទ្រាយធំ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ការសម្រេចបានទៅតាមផែនការ។
រដ្ឋាភិបាលបានបង្កើតគណកម្មការអន្តរក្រសួងរួចហើយ ដើម្បីសហការធ្វើការងារជាមួយក្រុមហ៊ុន China Power Group ដែលគ្រោងបោះទុន១០០លានដុល្លារអាមេរិក សាងសង់ព្រលានយន្តហោះនេះ។
ការប្រកាសពីគម្រោងសាងសង់ ព្រលានយន្តហោះអន្តរជាតិមណ្ឌលគីរី បានជំរុញឱ្យវិស័យដីធ្លីមានសន្ទុះមួយកម្រិតបន្ថែមទៀត ដោយមានការចុះស្វែងរកដីធ្លី សម្រាប់អភិវឌ្ឍន៍ ហើយក៏ធ្វើឱ្យតម្លៃដីធ្លីនៅទីនោះ បានហក់ឡើងមួយកម្រិតផងដែរ ប៉ុន្តែមកដល់ពេលនេះ បើតាមអ្នកជំនាញប្រចាំខេត្តនេះថា តម្លៃហាក់នៅទ្រឹង មិនមានការឡើងបន្តឬក៏ធ្លាក់ចុះវិញនោះទេ៕