តម្លៃអចលនទ្រព្យតាមខេត្តមួយចំនួនមានសភាពទ្រឹង ខណៈការអភិវឌ្ឍនៅមានកំណើនជាប្រចាំ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ដើមឆ្នាំ២០២២ ខណៈការវិនិយោគលើវិស័យនេះក៏នៅតែរំពឹងលើវិនិយោគិនក្នុងស្រុក ដោយវិនិយោគិនបរទេសនៅតែបន្តអវត្តមានដដែល អ្នកជំនាញមើលឃើញថា តម្លៃអចលនទ្រព្យត្រូវបានមើលឃើញថាមានភាពខុសគ្នាទៅតាមតំបន់ខុសៗគ្នា ដោយក្នុងតំបន់ខ្លះមានកំណើន ឯខ្លះមានសភាពនៅទ្រឹងនៅឡើយ។

លោក ជិត ណារិន ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពត បានឱ្យដឹងថាតម្លៃអចលនទ្រព្យជាពិសេសដីធ្លីក្នុងឆ្នាំ២០២២នេះ ឃើញថាមិនមានការឡើងថ្លៃឬធ្លាក់ចុះនោះទេ ពោលគឺនៅមានសភាពទ្រឹង ប៉ុន្តែ សកម្មភាពនៃការទិញលក់ក្នុងឆ្នាំនេះ ហាក់មានកំណើនជាងឆ្នាំមុនបន្តិច ទោះបីមានបញ្ហាប្រឈមដោយសារមេរោគកូវីដប្រភេទថ្មីអូមីក្រុងក៏ដោយ។

លោកបន្តថា តម្លៃដីធ្លីនៅតែរក្សាបានតម្លៃថេរដូចនឹងឆ្នាំមុនដដែល ប៉ុន្តែតម្រូវការនៃការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់មួយចំនួនក្នុងខេត្តកំពតមានកំណើនជាងឆ្នាំមុនេះ ដោយមានវិនិយោគិនខ្លះបានទិញដើម្បីអភិវឌ្ឍន៍ភ្លាមៗនិងខ្លះទៀតបានទុកដើម្បីលក់យកចំណេញ នៅពេលបន្ទាប់។

នៅក្នុងខេត្តកំពតគេសង្កេតឃើញថាសកម្មភាពវិនិយោគទៅលើតំបន់លំហែកាយមានកំណើនខ្ពស់ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ជាពិសេសនៅតំបន់ជាប់មាត់ព្រែក និងមានការទិញលក់និងអភិវឌ្ឍន៍ជាផ្ទះលំហែកាយកាន់តែច្រើនផងដែរ។

លោកបន្ថែមថា សម្រាប់ឆ្នាំ២០២២នេះ បើសិនជាស្ថានភាពកូវីដ១៩អាចគ្រប់គ្រងបាន លោកជឿថាវិស័យអចលនទ្រព្យនឹងនៅតែមានភាពល្អនិងរីកចម្រើន តែយ៉ាងណាមេរោគរាតត្បាតនេះនៅតែចោទជាបញ្ហាសម្រាប់ការអភិវឌ្ឍ។

លោក ទុយ ប៉ោហេង ភ្នាក់ងារប្រចាំខេត្តកោះកុងនៃក្រុមហ៊ុនអចលនទ្រព្យមួយបានឱ្យដឹងថា តម្លៃដីធ្លីក្នុងខេត្តនេះឃើញថាមានកំណើនជាងឆ្នាំមុនហើយក៏មានវិនិយោគិនជាច្រើនបានទិញដីសម្រាប់ទុកវិនិយោគច្រើន ជាមួយនឹងព័ត៌មានពីការអភិវឌ្ឍក្នុងខេត្តកោះកុងកាន់តែច្រើន។

លោកបន្តថាតម្លៃដីធ្លីនៅតាមស្រុកបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅបណ្ដាស្រុកដែលមានសក្ដានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យ តែយ៉ាងណាលោកបានមើលឃើញការវិនិយោគដីនៅជាប់មាត់សមុទ្រនឹងផ្ដល់អំណោយផលខ្ពស់ដល់អ្នកវិនិយោគ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ បានលើកឡើងថា ការវិនិយោគអចលនទ្រព្យក្នុងឆ្នាំ២០២២នេះនៅតែពឹងលើវិនិយោគិនក្នុងស្រុក ដោយបរទេសមិនទាន់ឃើញមានចូលមកនោះទេ ហើយតម្លៃក៏មិនទាន់មានការប្រែប្រួលដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here