ធនាគារសិង្ហបុរី៖ វៀតណាមទទួលផលធំជាងគេពីកិច្ចព្រមព្រៀង RCEP

0

ដោយសុខុម

ហាណូយ: ធនាគារឈានមុខគេរបស់សិង្ហបុរី DBS Bank បានលើកឡើងតាមរយៈរបាយការណ៍មួយកាលពីពេលថ្មីៗនេះថា ប្រទេសវៀតណាម ទំនងជាអ្នកទទួលផលប្រយោជន៍ធំជាងគេពីកិច្ចព្រមព្រៀង “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) ទាក់ទិនការកាត់បន្ថយពន្ធគយ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។

យោងតាមរបាយការណ៍ដដែលបង្ហាញថា អត្រាពន្ធគយជាមធ្យមដែលវៀតណាម ត្រូវបង់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ដែលកិច្ចព្រមព្រៀង RCEP គ្របដណ្ដប់ គឺស្ថិតក្នុងអត្រាទាបត្រឹមតែ១,២%ប៉ុណ្ណោះ ខណៈប្រទេសចិន បង់២,៨% ហើយកូរ៉េខាងត្បូង បង់រហូតដល់ទៅ៤,៨%។

របាយការណ៍នេះគូសបញ្ជាក់ថា វៀតណាម ទំនងជាទទួលបានផលប្រយោជន៍ធំជាងគេក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ពីការកាត់បន្ថយពន្ធគយដោយសារពាណិជ្ជកម្មក្នុងប្រទេសនេះមានលក្ខណៈបើកចំហខ្លាំង។

ទន្ទឹមនេះ របាយការណ៍នេះចង្អុលបង្ហាញថា សមាហរណកម្មពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងបណ្ដាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP មានកម្រិតខ្ពស់រួចទៅហើយ ហើយវានឹងរីកកាន់តែធំ នៅពេលក្រុមហ៊ុននានាទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP។ ប្រទេសវៀតណាម បាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាប្រទេសជាដៃគូ RCEP។

របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀង RCEP ផ្តល់ឱ្យវៀតណាម នូវឱកាសបង្កើនការនាំចេញទៅកាន់បណ្ដាប្រទេសជាដៃគូរបស់ខ្លួន។ លើសពីនេះ កិច្ចព្រមព្រៀងនេះក៏បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់វៀតណាម ផងដែរនៅក្នុងការបង្កើនការវិនិយោគផ្ទាល់ពីបរទេស (FDI)។

របាយការណ៍នេះអះអាងថា “ទោះបីជាសិង្ហបុរី នៅតែបន្តទទួលបានចំណែកនៃរំហូរចូល FDI ក្ដី ក៏រំហូរ FDI ចូលក្នុងប្រទេសវៀតណាម មានអត្រាខ្ពស់ជាង ហើយបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសទទួលផលប្រយោជន៍ច្រើនជាងគេទាំង៣ក្នុងតំបន់អាស៊ាន”។

ធនាគារ DBS Bank និយាយថា ប្រទេសវៀតណាម បន្តអួតសរសើរពីការផ្ដល់អត្ថប្រយោជន៍ជាច្រើនដើម្បីទាក់ទាញវិនិយោគិនបរទេស។

ចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០២០ និងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កិច្ចព្រមព្រៀង RCEP មានការចូលរួមពីប្រទេសជាសមាជិកទាំង១០របស់អាស៊ាន រួមជាមួយនឹងប្រទេសចិន ជប៉ុន
កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលគ្របដណ្តប់រហូតដល់ទៅប្រមាណ៣០%ស្មើនឹង២៦,២ទ្រីលានដុល្លារអាមេរិក នៃ GDP របស់ពិភពលោក។

កិច្ចព្រមព្រៀងនេះបង្កើតបានជាទីផ្សារមួយដែលមានអ្នកប្រើប្រាស់ដល់ទៅ២,២ពាន់លាននាក់ ហើយបានក្លាយជាតំបន់ពាណិជ្ជកម្មសេរី (FTA) ធំបំផុតក្នុងពិភពលោកទាក់ទិននឹងចំនួនប្រជាជន។ កិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធគយរហូតដល់ទៅ៩២% នៃទំនិញដែលធ្វើពាណិជ្ជកម្មរវាងបណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ការវិនិយោគ ធ្វើសុខដុមនីយកម្មវិធាន និងបទប្បញ្ញត្តិនានា ហើយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ពាណិជ្ជកម្មសេរីដ៏ធំធេងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here