ដោយៈសុខុម
ប៉េកាំងៈ រដ្ឋាភិបាលចិន បានបញ្ជាឱ្យបណ្ដាសហគ្រាសរដ្ឋ ពង្រឹងការគ្រប់គ្រងរបស់ខ្លួន លើការវិនិយោគក្នុងវិស័យដូចជា អចលនទ្រព្យ ហិរញ្ញវត្ថុ ការច្របាច់អាជីវកម្មបញ្ចូលគ្នា និងការទិញយកអាជីវកម្ម នៅក្រៅប្រទេស គម្រោងក្នុងបណ្ដាប្រទេស និងតំបន់ដែលមានហានិភ័យខ្ពស់ជាដើម។
លោក Weng Jieming នាយករងនៅគណៈកម្មាធិការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសកម្មរដ្ឋ របស់រដ្ឋាភិបាលចិន បានលើកឡើងថា បណ្ដាសហគ្រាសរដ្ឋ ត្រូវតែគ្រប់គ្រងឱ្យបានតឹងរ៉ឹងនូវទិសដៅ និងទំហំនៃការវិនិយោគ ក្នុងអាជីវកម្ម ដែលមិនមែនជាអាជីវកម្មស្នូលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី០២ មីនា។
សារព័ត៌មានហិរញ្ញវត្ថុចិន Yicai បានដកស្រង់សម្តីលោក Weng Jieming ដែលបានលើកឡើង កាលពីថ្ងៃអង្គារ ទី១ មីនា ថា ការទទួលយកបំណុលលើសពីលទ្ធភាពសងរបស់ខ្លួន ដើម្បីយកប្រាក់ទៅវិនិយោគ ត្រូវបានហាមឃាត់ដាច់ខាត។
ប្រទេសចិន កំពុងធ្វើការរឹតបន្តឹងលើការវិនិយោគ ដែលមានហានិភ័យ ការជំពាក់បំណុល និងភាពកម្សោយនៃការគ្រប់គ្រង ក្នុងចំណោមបណ្ដាសហគ្រាសរដ្ឋ ហើយនេះគឺជាផ្នែកមួយ នៃការធ្វើកំណែទម្រង់ហិរញ្ញវត្ថុរយៈពេលវែង។
កាលពីខែមុន ស្ថាប័នប្រឆាំងអំពើពុករលួយ កំពូលរបស់ប្រទេសចិន បានរកឃើញបញ្ហាមិនប្រក្រតីជាច្រើន ដូចជា ការត្រួតពិនិត្យហិរញ្ញវត្ថុមិនបានគ្រប់ជ្រុងជ្រោយជាដើម បន្ទាប់ពីធ្វើការស៊ើបអង្កេតជាច្រើនខែ លើស្ថាប័នចំនួន២៥ រួមទាំងផ្សារភាគហ៊ុន និងស្ថាប័នផ្តល់ឥណទានពាណិជ្ជកម្មផងដែរ។
លោក Weng Jieming ព្រមានថា បណ្ដាសហគ្រាសរដ្ឋ មិនត្រូវវិនិយោគទាំងងងឹតងងុល នៅក្នុងវិស័យដែលខ្លួនឯង មានមូលដ្ឋានទន់ខ្សោយ ឬ ខ្វះសមត្ថភាពប្រកួតប្រជែងនោះឡើយ៕ Reuters៕